ក្នុងរយៈពេលតែ ៣ថ្ងៃ ក្រុមតាលីបង់ បានវាយដណ្តើម យកបានទីក្រុង ចំនួន៤ របស់រដ្ឋាភិបាលអាហ្វហ្កានីស្ថាន។ នៅថ្ងៃអាទិត្យ បន្ទាប់ពីទីក្រុង Kunduz ទីក្រុងSar e Pul នៅប៉ែកពាយ័ព្យបានក្លាយជាទីក្រុងទី៤របស់អាហ្វហ្កានីស្ថាន ដែលធ្លាក់ក្នុងដៃរបស់ពួកតាលីបង់។
តាមក្រុមប្រឹក្សាខេត្តSar e Pul ទីក្រុងទាំងមូលស្ថិតក្រោមការគ្រប់គ្រងរបស់ពួកតាលីបង់ដែលកំពុងបន្តឡោមព័ទ្ធ កងពលអាហ្វហ្កានីស្ថាន នៅជាយក្រុង។
ឆ្លៀតឱកាសដែលកងទ័ពបរទេស ជាពិសេស កងទ័ពអាមេរិកត្រូវដកចេញពីអាហ្វហ្កានីស្ថាន យ៉ាងយូរបំផុត នៅថ្ងៃទី ៣១សីហា ក្រុមតាលីបង់បានបើកការវាយប្រហារទៅលើកងទ័ពរដ្ឋាភិបាល៣ខែមកនេះ ដោយបានចូលទៅឡោមព័ទ្ធទីក្រុងធំៗ របស់អាហ្វហ្កានីស្ថាន
កាលពីថ្ងៃសុក្រ ក្រុមតាលីបង់បានវាយចូលគ្រប់គ្រងជាលើកទី១ទីក្រុង Zaranj ជាប់ព្រំដែនអ៊ីរ៉ង់។ តាមសាក្សីដែលទីភ្នាក់ងារព័ត៌មានបារាំង បានសម្ភាសន៍សាកសួរ បន្ទាប់ពីឮសន្ធឹកគ្រាប់កាំភ្លើង និងគ្រាប់បែក គេឃើញពួកទាហានតាលីបង់ដើរចូលទីក្រុង ដោយគ្មានការបាញ់តដៃច្រើនពីកងទ័ពរដ្ឋាភិបាល។ សាក្សីជាច្រើននិយាយថា គេឃើញកងទ័ពរដ្ឋាភិបាលអាហ្វហ្កានីស្ថានបានដកខ្លួនថយចេញពីសមរភូមិប្រយុទ្ធ ដោយបណ្តោយទុកឲ្យពួកតាលីបង់ចូលកាន់កាប់ទីក្រុង។
មតិយោបល់