កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃអាទិត្យ ១៥ រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ ករណីអំពើលួច (កាបូបលុយ) ចំណុចក្នុងផ្សារព្រែកអញ្ចាញ ភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះ ជា ចរិយា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមេការបូមខ្សាច់ មានទីលំនៅសព្វថ្ងៃភូមិចុងកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យ០២នាក់៖ ១.ឈ្មោះ គង់ ឆវី ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅសព្វថ្ងៃ សង្កាត់បឹងកក់២ ខណ្ឌទួលគោករាជធានីភ្នំពេញ ។ (ឃាត់ខ្លួន) ២.ឈ្មោះ រ៉ានី ភេទស្រី នៅម្ដុំផ្សារទួលគោក រាជធានីភ្នំពេញ ។ (គេចខ្លួន)
វត្ថុតាងចាប់យក៖ ១.ប្រាក់រៀលក្រដាសប្រាំម៉ឺនចំនួន ១.២០០០០០រៀល ។ ២.ប្រាក់ដុល្លារចំនួន៣០$ (សាមសិបដុល្លារអាមេរិក) របស់ជនរងគ្រោះ ។
កន្លងមកជនសង្ស័យ និងបក្ខពួកឈ្មោះ រ៉ានី នៅម្ដុំផ្សារទួលគោក ធ្លាប់ធ្វើសកម្មភាព លូកហោប៉ៅខោ យកកាបូបនិងលុយចំនួន០២លើកមកហើយ ។
លើកទី១ នៅថ្ងៃទីមិនចាំ ក្នុងខែ០១ ឆ្នាំ២០២១ វេលាម៉ោង០៨និង០០នាទីព្រឹក ជនសង្ស័យនិងបក្ខពួកឈ្មោះ រ៉ានី បានធ្វើសកម្មភាព លូកហោប៉ៅខោយកកាបូបលុយគេ នៅផ្សារព្រែកព្នៅចំនួន០១លើក មធ្យោបាយជិះម៉ូតូឌុប បានប្រាក់រៀលចំនួន៣០០០០០រៀល ។
លើកទី២ នៅថ្ងៃទី០៧.០៣.២០២១ វេលាម៉ោង០៨.០០នាទីព្រឹក ជនសង្ស័យ និងបក្ខពួកឈ្មោះ រ៉ានីដដែល បានធ្វើសកម្មភាព លូកហោប៉ៅខោ យកកាបូបលុយគេចំនួន០១លើកទៀត មធ្យោបាយជិះម៉ូតូឌុប បានប្រាក់ចំនួន១០០០០០រៀល និងលើកទី៣ នៅថ្ងៃទី០៨.០៨.២០២១ វេលាម៉ោង០៧.០០នាទីព្រឹក ជនសង្ស័យទាំងពីរនាក់ខាងលើ បានជិះម៉ូតូឌុបចេញពីផ្ទះ នៅខណ្ឌទួលគោក រាជធានីភ្នំពេញ ទិសដៅមកផ្សារព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល គោលបំណងមកធ្វើសកម្មភាព លូកហោប៉ៅខោ ដូចរាល់លើក ។
ពេលមកដល់ផ្សារព្រែកអញ្ចាញ នៅវេលាម៉ោង០៧.៣០នាទីព្រឹក ក៏បានឈប់នៅមុខផ្សារ ហើយបានឲ្យម៉ូតូឌុបឈប់ចាំ នៅខាងមុខផ្សារ ចំណែកខ្លួនទាំងពីរនាក់ បានដើរចូលទៅក្នុងផ្សារ ដោយបន្លំធ្វើជាអ្នកទិញអីវ៉ាន់ និងតាមមើលអ្នក ដែលចូលទៅទិញអីវ៉ាន់ ក្នុងផ្សារនោះមានលុយឬអត់លុយ ក្នុងពេលនោះក៏ឃើញជនរងគ្រោះ កំពុងឈរទិញស្លឹកគ្រៃនៅក្នុងផ្សារ ភ្លាមនោះជនសង្ស័យឈ្មោះ រ៉ានី ក៏បានដើរទៅពិតជនរងគ្រោះ ហើយលូកយកកាបូបលុយ ពីក្នុងហោប៉ៅខោជនរងគ្រោះ រួចក៏ដកប្រាក់ចេញពីកាបូប ហុចទៅឲ្យជនសង្ស័យឈ្មោះ គង់ ឆវី ដាក់ចូលទៅក្នុងកាបូបស្ពាយរបស់ខ្លួន បន្ទាប់មកជនសង្ស័យឈ្មោះ គង់ ឆវី គាត់ដើរចេញមកមកផ្សារ ចំណែកជនសង្ស័យឈ្មោះ រ៉ានី ដើរគេចខ្លួនបាត់ ។
ពេលនោះដែរជនរងគ្រោះដឹងថា បាត់កាបូបលុយរបស់ខ្លួនពីហោប៉ៅខោ បានឆោឡោដើរសំដៅចេញមកមុខផ្សារ ក៏បានប្រទះឃើញជនសង្ស័យឈ្មោះ គង់ ឆវី ដោយមានការសង្ស័យជនរងគ្រោះ ក៏បានឃាត់ជនសង្ស័យ ហើយធ្វើការឆែកឆេរកាបូបស្ពាយរបស់ជនសង្ស័យ ក៏ឃើញប្រាក់របស់ខ្លួននៅក្នុងកាបូបនោះ ពេលនោះជនរងគ្រោះក៏បានប្ដឹងទៅសន្តិសុខផ្សារនៅទីនោះឱ្យជួយឃាត់ជនសង្ស័យ។
បន្ទាប់មកសន្តិសុខផ្សារក៏បានរាយការណ៍ មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអញ្ចាញ ក្រោយពីទទួលព័ត៌មានកម្លាំងប៉ុស្តិ៍ បានចុះទៅដល់កន្លែងកើតហេតុ ហើយបាននាំជនសង្ស័យឈ្មោះគង់ ឆវី មកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួននិងបក្ខពួកឈ្មោះ រ៉ានី ពិតជាបានធ្វើសកម្មភាព លូកហោប៉ៅខោយកកាបូបលុយ របស់ជនរងគ្រោះពិតមែន ។ ចំពោះជនសង្ស័យក្រុមគ្រូពេទ្យ បានធ្វើសំណាករកមេរោគ covid-19 លទ្ធផលគឺអវិជ្ជមាន (-) ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីបន្តចាត់ការតាមនីតិវិធី ៕
មតិយោបល់