ព័ត៌មានជាតិ

រថយន្តដឹកដំឡូងមីស្លាកលេខThailand82-0352 បុកជាមួយគោយន្តកន្ត្រៃបណ្តាលឲ្យរបួសធ្ងន់ស្រាល៤នាក់នៅស្រុកថ្មពួក

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្សចំនួន០៣នាក់បានរងរបួសធ្ងន់និង០១នាក់របួសស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តថៃដឹកដំឡូងមីបុកជាមួយគោយន្តកន្ត្រៃ។

ករណីនេះកើតឡើងនៅវេលាម៉ោង១៥និង២០នាទីរសៀល ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៥៨ចន្លោះគីឡូម៉ែត្រ លេខ៦៤និង៦៥ខាងជើងភូមិអូរកំបុតចម្ងាយ៣០០ម៉ែត្រ ស្ថិតក្នុងភូមិតាស្រី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

តាមការឲ្យដឹងពីនគរបាលការពារព្រំដែនគោកលេខ៨០៧បានប្រាប់ថា ជនរងគ្រោះទាំងអ្នកបើកគោយន្តនិងអ្នករួមដំណើរចំនួន០៤នាក់ក្នុងនោះអ្នករបួសធ្ងន់០៣នាក់និងស្រាល១នាក់។ រថយន្តនិងគោយន្តបានប្រគល់ឲ្យនគរបាលប៉ុស្តិ៍គោករមៀតចាត់ចែងអនុវត្តបន្ត។ចំណែកជនរងគ្រោះទាំង០៤នាក់កម្លាំងនគរបាលការពារព្រំដែនគោកលេខ៨០៧បានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

បើតាមការឲ្យដឹងពីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំគោករមៀងបានឲ្យដឹងថា៖នៅមុនពេលកើតហេតុគោយន្តកន្ត្រៃបានធ្វើដំណើរមកពីបាញ់ថ្នាំដំឡូងមីក្នុងទិសដៅពីជើងទៅត្បូងពេលមកចំណុចកើតហេតុខាងជើងភូមិអូរកំបុតចម្ងាយ៣០០ម៉ែត្រស្ថិតក្នុងភូមិតាស្រី ឃុំគោករមៀត អ្នកបើកគោយន្តបានរ៉េក្បាលគោយន្តមកខាងឆ្វេងដៃផុតគំនូសលឿងពុះចែកទ្រូងផ្លូវស្របពេលនោះមានរថយន្តធុនធំរបស់ថៃដឹកដំឡូងមីម៉ាក់ISUZUពាក់ស្លាកលេខThailand82-0352 បើកបរដោយឈ្មោះសាន់ តិស៊ុផាកណយ ភេទប្រុសអាយុ២៤ឆ្នាំ រស់នៅភូមិម្កាក់ ឃុំម្កាក់ ស្រុកតាប្រាស់យ៉ា ខេត្តស្រះកែវ ប្រទេសថៃ បានបើកពីក្រោយក្នុងល្បឿនលឿនក្នុងគោលបំណងឡើងវ៉ាជែងគោយន្តមិនផុតក៏បុកត្រូវកង់ខាងមុខចំហៀងឆ្វេងកៀបជាប់និងរថយន្តអូសចម្ងាយ៥០ម៉ែត្រគោយន្តដាច់កង់ទាំង០២ចំណែកអ្នកបើកបរនិងអ្នករួមដំណើររបួសធ្ងន់ស្រាលចំនួន០៤នាក់។

នគរបាលប៉ុត្ថិ៍រដ្ឋបាលឃុំគោករមៀតបានបញ្ជាក់ថា៖វត្ថុតាងគោយន្តកន្ត្រៃខូចធ្ងន់រក្សាទុកនៅប៉ុស្តិ៍រដ្ឋបាល។ចំណែករថយន្តយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកថ្មពួករង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ។ចំពោះអ្នករងគ្រោះទាំង០៤នាក់ត្រូវបានរថយន្តនគរបាលវរសេនាតូចការពារព្រំដែនគោលេខ៨០៧ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក៕

 

មតិយោបល់