តូក្យូ៖ រដ្ឋាភិបាលជប៉ុន នៅថ្ងៃអង្គារ ទី១០ ខែសីហានេះ បានបង្ហាញការសោកស្ដាយ ក៏ដូចជាសុំទោសចំពោះការស្លាប់របស់ស្ត្រីជាជនជាតិស្រីលង្កាម្នាក់ នៅក្នុងមន្ទីរឃុំឃំាងជនអន្តោប្រវេសន៍ ហើយបានសន្យាថានឹងធ្វើកំណែទម្រង់លក្ខខណ្ឌនានានៃមន្ទីរឃុំឃាំងជនអន្តោប្រវេសន៍។
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ជប៉ុន លោកស្រី Yoko Kamikawa បានឱ្យដឹងថារបាយការណ៍ស្តីពីមរណភាពរបស់លោកស្រី Wishma Sandamali មានអាយុ ៣៣ឆ្នាំ កាលពីខែមីនា កន្លងទៅនេះ បានសន្និដ្ឋានថា លោកស្រីបានទទួលការព្យាបាលមិនគ្រប់គ្រាន់ ខណៈសុខភាពរបស់លោកស្រីកាន់តែមានភាពយ៉ាប់យ៉ឺនទៅៗ។ លោកស្រី Yoko Kamikawa បន្ថែមថា លោកស្រីបានណែនាំដល់ប្រធានទីភ្នាក់ងារសេវាកម្មអន្តោប្រវេសន៍ឱ្យធ្វើការត្រួតពិនិត្យឡើងវិញ ហើយនឹងធ្វើការកែទម្រង់លក្ខខណ្ឌនានាជាមួយនឹងការប្តេជ្ញាចិត្ត ដើម្បីធានាឱ្យបានថារឿងបែបនេះនឹងមិនកើតមានឡើងម្តងជាថ្មីទេ។
របាយការណ៍ស្តីពីមរណភាពរបស់លោកស្រី Wishma Sandamali មិនបានកំណត់ពីមូលហេតុនៃការស្លាប់របស់លោកស្រីទេ ប៉ុន្តែគេបានរកឃើញថាមជ្ឈមណ្ឌលឃុំឃាំងមួយ ស្ថិតនៅទីក្រុង Nagoya ភាគកណ្តាលប្រទេសជប៉ុន គឺខ្វះប្រព័ន្ធវាយតម្លៃសុខភាពអ្នកជាប់ឃុំ និងខ្វះប្រព័ន្ធផ្តល់សេវាកម្មវេជ្ជសាស្ត្រ។
លោកស្រី Sandamali ត្រូវបានឃុំខ្លួន ដោយសារតែការស្នាក់នៅហួសទិដ្ឋាការ។ លោកស្រីត្រូវបានគេរាយការណ៍ថាបានត្អូញត្អែរម្តងហើយម្តងទៀត អំពីការឈឺក្រពះ និងរោគសញ្ញាផ្សេងទៀតដែលចាប់ផ្តើមតាំងពីខែមករាមកម៉្លេះ ប៉ុន្តែលោកស្រីមិនបានទទួលការព្យាបាលគ្រប់គ្រាន់ឡើយ៕
ប្រភព៖ Reuters
មតិយោបល់