ភ្នំពេញៈ នៅម៉ោង៨ និង១៧នាទី ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦នេះ កម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានបញ្ជូន ក្រុមជនត្រូវចោទ ពាក់ព័ន្ធ សំណុំរឿង បាញ់សម្លាប់មនុស្ស នៅខណ្ឌដូនពេញ មកសាលាដំបូង រាជធានីភ្នំពេញ ដើម្បីឲ្យចៅក្រមស៊ើបសួរ លោក ជួន សុរាសី បន្តនីតិវិធី។
សូមបញ្ជាក់ថា កាលល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ម្សិកមិញ លោក លី សុផាណា អ្នកនាំពាក្យ អយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ បានថ្លែងប្រាប់ក្រុម អ្នកសារព័ត៌មាន តាមបណ្តាញទំនាក់ទំនង សង្គម Telegram ថា “ក្រោយពីបញ្ចប់ការ សួរចម្លើយ ការពិនិត្យឯកសារ និងភស្តុតាង លោក កុល បុន ជាព្រះរាជអាជ្ញារង បានសម្រេច បើកការសើបសួរ ដោយចោទប្រកាន់លើ ឈ្មោះផុន ភក្តី ពីបទហឹង្សា ដោយចេតនាមាន ស្ថានទម្ងន់ទោស ដោយសារ មរណៈភាព នៃជនរងគ្រោះ តាមមាត្រា ២២៤ នៃក្រមព្រហ្មទណ្ឌ ឈ្មោះ ខៀវ ថនវ៉ាន់ឌី និងឈ្មោះ និន រិន ហៅ អ៊ូក ពីបទ ហឹង្សាដោយចេតនា និងកាន់កាប់អាវុធ ដោយគ្មាន ការអនុញ្ញាតិ តាមមាត្រា ២១៧ និង៤៩០ នៃក្រមព្រហ្មទណ្ឌ ហើយបញ្ជូនទៅ ចៅក្រមសើបសួរ ដើម្បីចាត់ការបន្តតាមនីតិវិធី”។
គួររំលឹកថា កាលវេលាម៉ោងប្រហែល៩យប់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ ជនរងឈ្មោះ សឺន ចាន់ដារ័ត្ន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន អចលនទ្រព្យចតុមុខ ហើយជនរងគ្រោះ បានស្លាប់នៅមន្ទីរពេទ្យ ព្រះកេតុមាលា ក្រោយបញ្ជូនទៅ សង្គ្រោះបានបន្តិច ក្រោយពីរូបគេត្រូវ បានជនត្រូវចោទទាំង៣នាក់ ខាងលើបាញ់ចំនួន គ្រាប់ ចំខ្លួនផ្នែកខាងស្តាំ ដោយបៀមគ្រាប់ និងមួយកន្លែងទៀត ត្រូវចំជើងធ្លាយពីម្ខាង ទៅម្ខាងរួម នឹងក្បាល និងបាន វាយបន្ថែមដោយដំបង។ ករណីហឹង្សារហូតដល់ ជនរងគ្រោះស្លាប់នេះ បានកើតឡើង ហាងស្តាម៉ាត របស់អតីត តារាសម្តែង ខៀវ សុខារ៉ាវី នៅចំណុចផ្ទះលេខ១៦៥E0 ផ្លូវលេខ១ ក្រុមទី៣៦ ភូមិ១ សង្កាត់ផ្សារ កណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕
https://www.youtube.com/watch?v=1QrXQ4zh6po
មតិយោបល់