ព័ត៌មានជាតិ

ពលរដ្ឋ​អេហ្ស៊ីប​ប្រឆាំង​តវ៉ា​នឹង​បញ្ហា ​ខ្វះ​សន្តិសុខ​​ក្រោយ​គ្រោះ​មហន្តរាយ​កីឡា​បាល់ទាត់

អេហ្ស៊ីប៖ ពួក​សកម្មជន​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប​បាន​នាំ​គ្នា​ដើរ​តវ៉ា​នៅ​លើ​ដង​ ផ្លូវ​ទាំងឡាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​បន្ទោស​ប៉ូលិស​ដែល​ខកខាន​មិន​បាន​បញ្ចៀស​អំពើ​ហិង្សា​នៅ​ឯ​ការ​ប្រកួត​ បាល់ទាត់​មួយ ដែល​បណ្ដាល​ឲ្យ​មនុស្ស ៧៤​នាក់​បាន​ស្លាប់​និង​ រាប់​រយ​នាក់​ផ្សេង​ទៀត​រង​របួស នៅ​ឯ​ទីក្រុង​ផត សេត (Port Said) នា​ភាគ​ខាង​ជើង​ប្រទេស។

ក្រុម​បាតុករ​មាន​ការ​ខឹង​សម្បា​ថា ប៉ូលិស​កុបកម្ម​ភាគច្រើន​​នៅ​ក្នុង​កីឡាដ្ឋាន​នោះ​ មើល​ទៅ​ហាក់​ដូចជា​បាន​ឈរ​នៅ​ទ្រឹង​មើល​ព្រឹត្តិការណ៍​ដ៏​អាក្រក់​បំផុត​នៃ​ អំពើ​ហិង្សា​ដែល​បង្ក​ឡើង​ដោយ​កីឡា​បាល់ទាត់ ក្នុង​ប្រវត្ដិសាស្រ្ដ​អេហ្ស៊ីប​កាល​ពី​យប់​ថ្ងៃ​ពុធ​នេះ។ អ្នកខ្លះ​ទៀត​មាន​ការ​ព្រួយ​បារម្ភ​ថា​អ្នក​ក្រុម​អ្នក​គាំទ្រ​ខ្លះ​បាន​ ត្រូវ​អនុញ្ញាត​ឲ្យ​កាន់​អាវុធ​ចូល​ទៅ​ក្នុង​កីឡាដ្ឋាន។

អំពើ​ហិង្សា​នោះ​បាន​ផ្ទុះ​ឡើង​នៅ​ពេល​ដែល​ក្រុម​អ្នក​គាំទ្រ​របស់​ក្រុម អាល មាស្រី (Al Masry) បាន​រត់​ប្រសាច​ចូល​ទៅ​ក្នុង​ទី​វាល​ប្រកួត នៅ​ពេល​បញ្ចប់​នៃ​ការ​ប្រកួត ហើយ​បាន​វាយ​ទៅ​លើ​ពួក​កីឡាករ​និង​អ្នក​គាំទ្រ​នៃ​ក្រុម​ភ្ញៀវ អាល អាលី (Al Ahly)។

Elizabeth Arrott នៃ​វីអូអេ​រាយការណ៍​ថា​ បរិយាកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​មាន​ភាព​តាន​តឹង​នៅ​ទីនោះ​ ដោយ​គេ​ឃើញ​មាន​ការ​ពង្រាយ​ទាហាន​ដើម្បី​ការពារ​មិន​ឲ្យ​មាន​អំពើ​ឃោរឃៅ​តទៅ ​ទៀត។

ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​ដទៃ​ទៀត៖

អូតង់/អាហ្វហ្គានីស្ថាន៖ ក្រុម​រដ្ឋមន្ដ្រី​ការពារ​ប្រទេស​នៃ​អង្គការ​អូតង់​នឹង​ជួប​ពិភាក្សា​គ្នា​ នៅ​ក្នុង​ទី​ក្រុង​ ព្រុចសែល​នៅ​ថ្ងៃព្រហស្បតិ៍​នេះ ដើម្បី​ពិភាក្សា​អំពី​ការ​ផ្លាស់ប្តូរ​ដែល​អាច​ទៅ​រួច​មួយ​ចំនួន​សម្រាប់​ ផែនការ​យុទ្ធសាស្ត្រ​របស់​ក្រុម​សម្ព័ន្ធមិត្ដ​នៅ​ក្នុង​ប្រទេស​ អាហ្វហ្គានីស្ថាន រាប់​បញ្ចូល​ទាំង​ការ​បញ្ចប់​កិច្ច​ប្រតិបត្ដិការ​យោធា​មុន​ពេល​កំណត់​ផង​ ដែរ។

បាគីស្ថាន៖ តុលាការ​កំពូល​នៃ​ប្រទេស​បាគីស្ថាន បាន​ចេញ​បញ្ជា​ឲ្យ​លោក​នាយក​រដ្ឋមន្ដ្រី យូសូហ្វ រ៉ាហ្សា ហ្គីឡានី (Yusuf Raza Gilani) ចូល​មក​បង្ហាញខ្លួន​នៅ​មុខ​តុលាការ ​នៅ​ថ្ងៃ​ទី​ ១៣ ​ខែ​ កុម្ភៈ​នេះដើម្បី​កាត់​ទោស​ពី​បទ​មិនគោរព​សាលក្រម​តុលាការ។

អ.ស.ប/ស៊ីរី៖ ក្រុម​អ្នក​ការទូត​នៃ​ក្រុម​ប្រឹក្សា​ សន្ដិសុខ​ អ.ស.ប.​បាន​បន្ដ​កិច្ច​ចរចា​របស់​ខ្លួន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដែល​មាន​គោលដៅ​នឹង​បញ្ចុះបញ្ចូល​ឲ្យ​រុស្ស៊ី​គាំទ្រ​ដល់​សេចក្ដី​សម្រេច​មូយ ​ដែល​គាំទ្រ​ដោយ​ផែនការ​នៃ​សម្ពន្ធ​អារ៉ាប់​ដើម្បី​បញ្ចប់​អំពើ​ឃោរឃៅ​ដ៏​ ប្រល័យ​ជា​ច្រើន​ខែ​កន្លង​មក​នេះ​នៅ​ក្នុង​ប្រទេស​ស៊ីរី។

ប៉ាពូអាស៊ីនូវែលហ្គីណេ៖ ក្រុម​អ្នក​ដំណើរ​ប្រមាណ​ជាង​២០០​នាក់ ​បាន​ត្រូវ​គេ​ជួយ​សង្គ្រោះ​ជីវិត​ពី​សាឡាងមួយ​ ដែល​បាន​លេច​នៅ​ដើម​ថ្ងៃ​ព្រហស្បតិ៍​នេះ នៅ​ជិត​ឆ្នេរ​សមុទ្រ​ ភាគ​ខាង​ជើង​នៃ​ប្រទេស ប៉ាពួ នូវែលហ្គីណេ (Papua New Guinea)។

ហ្វីលីពីន៖ យោធា​ហ្វីលីពីន​បាន​និយាយ​ថា​​មេ​ដឹកនាំ​​ជាន់​ខ្ពស់​បី​រូប នៃ​ក្រុម​ភេរវកម្ម​ដែល​ជា​បណ្តាញ​របស់​ក្រុម​អាលកៃដា (al-Qaida) ពីរ​ក្រុម​បាន​ស្លាប់​ក្នុង​ការ​វាយ​ប្រហារ​តាម​យន្ដហោះ​នៅ​កម្រង​កោះ​ជនបទ ចូឡូ (Jolo) នៃ​ភាគ​ខាងត្បូង​ប្រទេស។

សូម៉ាលី៖ គណកម្មាធិការ​ កាកបាទ​ក្រហម​អន្ដរជាតិ បាន​បដិសេធ​ការ​ចោទ​ប្រកាន់​មក​លើ​ខ្លួន​ដោយ​ក្រុម​បះបោរ​មួយ​ក្រុម​នៅ​ ក្នុង​ប្រទេស​សូម៉ាលី ថា​បាន​ចែកចាយ​អាហារ​ខូច​គុណភាព​ដល់​អ្នក​ទទួល​អំណោយ​នៅ​តំបន់​ភាគ​ខាងត្បូង ​ប្រទេស។

ជប៉ុន៖ កាល​ពី​ថ្ងៃ​ពុធ​នេះ រោងចក្រ​នុយក្លែអ៊ែរ​ជប៉ុន ហ្វូគូហ្សីម៉ា (Fukushima) ដែល​បាន​បាក់បែក​នោះ បាន​លេច​ចេញ​ជាតិ​វិទ្យុសកម្ម​ម្តង​ទៀត​ហើយ ដោយ​បាន​បញ្ចេញ​ទឹក​ដែល​មាន​ជាតិ​វិទ្យុសកម្ម ប្រមាណ ៨ តោន។ តែ​ក្រុម​មន្ដ្រី​របស់​ក្រុមហ៊ុន​អគ្គីសនី​តូក្យូ (TEPCO) ដែល​ជា​អ្នក​គ្រប់គ្រង​រោងចក្រ​នោះ​បាន​និយាយ​ថា ទឹក​នោះ​មិន​បាន​ហូរ​ចូល​ទៅ​ក្រៅ​រោងចក្រ​ទេ។

ក្រុម​អ្នក​គាំ​ទ្រ​​របស់​ក្រុម​កីឡា​បាល់ទាត់​ Al Ahly និង Al Zamalek កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២​ កុម្ភៈ​ នេះ ស្រែក​ពាក្យ​ស្លោក​ប្រឆាំង​នឹង​អំពើ​ហិង្សា​ដែល​បាន​កើត​ឡើង​​ក្នុង​អំឡុង​​ ការ​ប្រកួត​បាល់ទាត់៕

ប្រភព៖ voanews

មតិយោបល់