ព័ត៌មានជាតិ

នគរបាលឆែកឆេរបន្ទប់ជួលជនជាតិចិនម្នាក់ រកឃើញវត្ថុតាងគ្រឿងញៀនចំនួន១០ប្រភេទ

ភ្នំពេញ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌបឹងកេងកង នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ដែលមានការ ចូលរួមផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងគ្រឿងញៀន និងលោក សំម ឫទ្ធីវាសនា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បាននាំខ្លួនជនសង្ស័យជនជាតិចិនម្នាក់ ដែលរងការបង្រ្កាប ចាប់ខ្លួនពីបទផលិត កែច្នៃ និងជួញដូរគ្រឿងញៀន កាលពីថ្មីនេះ មកបន្តឆែកឆេរបន្ទប់ជួល គ្មានលេខរបស់ ជនសង្ស័យ០១ កន្លែងទៀត ចំណុចផ្លូវ៣០០ ក្រុម៤០ ភូមិ0៥ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រកឃើញវត្ថុតាង សង្ស័យជាគ្រឿងចំនួន១០ប្រភេទ ។

លោកវរសេនីយ៍ទោ រ៉ឹម ម៉ិច នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យដឹងថា វត្ថុតាងសង្ស័យជាគ្រឿងញៀន១០ប្រភេទនោះរួមមាន៖
១-ម្សៅម៉ត់ពណ៌សចំនួន០៧កញ្ចប់,
២-ម្សៅពណ៌ផ្កាឈូកអក្សរ Jing. Linger សង្ស័យជាខេតាមីនចំនួន៣៧កញ្ចប់,
៣-ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន៣៣កញ្ចប់,
៤-ថ្នាំគ្រាប់ពណ៌បៃតងសង្ស័យជាសារធាតុញៀនប្រភេទMDMA ចំនួន០៦គ្រាប់,
៥-ជញ្ជីងអេឡិចត្រូនិចសម្រាប់ថ្លឹងគ្រឿងញៀនចំនួន១
៦-ដប Cocacola ពណ៌ក្រហម សង្ស័យជាសាធាតុញៀនប្រភេទMDMA ចំនួន0១ដប,
៧-កញ្ចប់បារីម៉ាកMavius ពណ៌ខៀវ សង្ស័យជាកញ្ឋា ចំនួន១០កញ្ចប់,
៨-កញ្ចប់ពណ៌ខៀវ Porche. សង្ស័យMDMA ចំនួន0៤កញ្ចប់,
៩-កញ្ចប់ពណ៌ខ្មៅអក្សរ MASA TEAM សង្ស័យMDMA ចំនួន0៥កញ្ចប់,
១០-កញ្ចប់ពណ៌ទឹកដោះគោសង្ស័យជាកញ្ឆាចំនួន0១កញ្ចប់។

សូមបញ្ជាក់ថាជនសង្ស័យឈ្មោះ ហ្វ័ង ស៊ីឡុង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិចិន ត្រូវបាននគរបាលរាជធានីភ្នំពេញ បង្រ្កាបចាប់ខ្លួនកាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ខណ:ដែលកម្លាំងនគរបាលខណ្ឌចម្ការមន ល្បាតត្រួតពិនិត្យពង្រឹង ការងារសន្តិសុខ ក្នុងមូលដ្ឋាននៅចំណុចផ្តុំរង្វង់មូលផ្សារដើមថ្កូវ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន ហើយក៏ជួបប្រទះបុរសម្នាក់ ជនជាតិចិនកំពុងជិះម៉ូតូតែម្នាក់ឯង នៅពេលនោះកម្លាំងនគរបាលមានការសង្ស័យ ក៏ហៅឱ្យឈប់សាកសួរ និងឆែកឆេរត្រួតពិនិត្យ ក៏បានឃើញថ្នាំញៀន ម្សៅពណ៌សម៉ត់០៥កញ្ចប់ ដែលលាក់ក្នុងកាបូបស្ពាយ សមត្ថកិច្ចបានដកហូត និងនាំខ្លួនជនសង្ស័យឈ្មោះ ហ្វ័ង ស៊ីឡុង មកសួរនាំបន្តនៅអធិការដ្ឋាននគរបាលខណ្ឌចម្ការមន។

បន្តទៀតកម្លាំងនគរបាលរាជធានីភ្នំពេញ ក៏បានឈានទៅឆែកឆេរ ត្រួតពិនិត្យបន្ទប់ជួលមួយកន្លែង នៅក្នុងខុនដូលំនៅឋានអឹលបឹងទំពុន សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ កម្លាំងសមត្ថកិច្ចចូលឆែកឆេរត្រួតពិនិត្យ បន្តក៏បានប្រទះឃើញឧបករណ៍សម្ភារ:ជាច្រើនមុខសម្រាប់ផលិត កែច្នៃ គ្រឿងញៀន និងវត្ថុតាងធាតុផ្សំរួមនឹងគ្រឿងញៀន ចម្រុះជាច្រើនប្រភេទ សរុបជាង១៦គីឡូក្រាម ត្រូវបានដកហូត និងបញ្ជូនមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីយកទៅអនុវត្តតាមនីតិវីធី ៕

មតិយោបល់