ភ្នំពេញៈ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ ម្ចាស់ហាងផ្ទះឈើម្ហូបខ្មែរថៃចំនួន០២នាក់ និងភ្ញៀវចំនួន០៨នាក់ សរុបចំនួន១០នាក់ (ស្រីម្នាក់) ដែលបើកហាង និងចូលទៅផឹកស៊ីល្មើសនឹងបម្រាមគោចរ នៅសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ។
សូមបញ្ជាក់ថាៈ កាលពីវេលាម៉ោង០៩និង៣០នាទីយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២១ កម្លាំងគណ:បញ្ជាការឯកភាពខណ្ឌមានជ័យ ចុះបង្ក្រាបហាងផឹកស៊ីផ្ទះឈើម្ហូបខ្មែរថៃមួយកន្លែង បន្ទាប់ពីលួចបើកដំណើរការទទួលភ្ញៀវបំពាន និងសេចក្ដីសម្រេច របស់រដ្ឋបាល រាជធានីភ្នំពេញ ស្ថិតត្រង់ចំណុចហាងផឹកស៊ី ផ្ទះឈើម្ហូបខ្មែរថៃ ផ្លូវបេតុង២០MC ក្នុងភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។
បន្ទាប់ពីកម្លាំងគណ:បញ្ជាការឯកភាពខណ្ឌមានជ័យ ជិះល្បាតក្នុងភូមិសាស្ត្រ ប្រទះឃើញទីតាំងខាងលើ បើកដំណើរការ ក៏បានចុះត្រួតពិនិត្យ រកឃើញមានទទួលភ្ញៀវចូលទៅផឹកស៊ី នៅខាងក្នុង ដែលនេះគឺបំពានសេចក្ដីសម្រេច លេខ២៤៩/២១ សសររបស់រដ្ឋបាលរាជធានី ភ្នំពេញ សម្រាប់រយ:ពេល១៤ថ្ងៃ គិតចាប់ពីម៉ោង២៣និង៥៩នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ឆ្លងរាលដាលជំងឺកូវីដ-១៩ ។ កម្លាំងគណ:បញ្ជាការឯកភាពសម្រេចបិទ អាជីវកម្មទាំងស្រុងរង់ចាំមានការ ជូនដំណឹងសាជាថ្មី ហើយឃាត់ខ្លួនមនុស្សចំនួន១៤នាក់ ក្នុងនោះមានប្រុសចំនួន៩នាក់ជាភ្ញៀវ ស្រីចំនួន៥នាក់ ជាបុគ្គលិក និងថៅកែហាង ។ ជនល្មើសទាំង១៤នាក់នោះ ត្រូវបានកម្លាំងខណ្ឌមានជ័យ នាំខ្លួនទៅកាន់អធិការ ដ្ឋាននគរបាល ធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕
មតិយោបល់