ព័ត៌មានជាតិ

សមត្ថកិច្ចសហការគ្នា ឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីអំពើលួចគាស់ហាងយីហោ “សន្យា” នៅក្រុងតាខ្មៅ

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា អនុវត្តតាមបញ្ជាដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល។ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត បានបើកកិច្ចប្រតិបត្ដិការ ស្រាវជ្រាវ ស៊ើបអង្កេតសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកមុខកំពូល និងអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ស្រាវជ្រាវបង្រ្កាបដល់ឫសគល់ និងឃាត់ខ្លួនជនសង្ស័យ០២នាក់ នៅថ្ងៃទី២០-២១ ខែតុលា ឆ្នាំ២០២១ ក្នុងករណីអំពើលួចគាស់ហាង យីហោសន្យា ចំណុចកើតហេតុក្នុងហាងសន្យា ស្ថិតនៅក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ឃិន សុផល ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរ លក់ដូរ ទីលំនៅភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យ ចំនួន០២នាក់ (ឃាត់ខ្លួន)៖
១.ឈ្មោះ គង់ ដាវី ហៅ មាស សុវណ្ណារិទ្ធ ហៅ ផល ភេទប្រុស អាយុ ៤២ឆ្នាំ ទីលំនៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
២.ឈ្មោះ ចាន់ សុធី ហៅ វ៉ា ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សម្ភារៈបាត់បង់រួមមាន៖
១.ម៉ាស៊ីនឌីជេ ចំនួន01គ្រឿង
២.ធុងបាសធំ(សាហ្វ)01គ្រឿង
៣.បាស់សូឡូ 01គ្រឿង
៤.ម៉ិចស៊រសំឡេង 01គ្រឿង
សរុបទឹកប្រាក់ប្រហែល 10.000$។

វត្ថុតាងចាប់យក៖
១.រថយន្តម៉ាក KIA CARNIVAL ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ មិនមានស្លាកលេខ។
២. ធុងបាស០១គ្រាប់។
៣. ម៉ាស៊ីនចាក់ឌីជេ ០១គ្រាប់។
៤.កន្ត្រៃកាត់ដែក ពណ៌បៃតង ប្រវែង០១ម៉ែត្រ។
៥.មេសោរសូឡេច ០១ ។
៦.ស្ព្រាយបាញ់ទ្វារ ០១កំប៉ុង ។

កាលពីថ្ងៃ០២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១២និង៤៥នាទី មានជនសង្ស័យចំនួន ០២នាក់ បានជិះឡានមួយគ្រឿងពណ៌ខ្មៅ មិនស្គាល់ម៉ាក មកឈប់នៅចំណុចមុខហាង សន្យា ស្ថិតនៅភូមិព្រែកសំរោងសង្កាត់ តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយនាំគ្នាដើរសំដៅទៅក្លោងទ្វារហាង រួចយកកន្ត្រៃកាត់មេសោរទ្វារ និងមានស្ព្រាយបាញ់កង់ទ្វារអោយងាយស្រួលរុញទ្វារបើកកុំអោយលឺសំឡេងខ្លាំង បន្ទាប់មកជនសង្ស័យក៏បាននាំគ្នាចូលទៅក្នុងហាង និងបានធ្វើសកម្មភាពលួច ឧបករណ៍ភ្លេង មួយចំនួនដូចជា៖ ១.ម៉ាស៊ីនឌីជេចំនួន03គ្រឿង ២.ធុងបាស់ធំ(សាហ្វ) 01គ្រឿង ៣. បាស់សូឡូ ចំនួន 01គ្រឿង ៤.ម៉ិចស៊រសំលេង 01គ្រឿង ហើយលើកយកទៅដាក់ក្នុងឡាន( ប្រើរយៈពេលប្រហែលកន្លះម៉ោង) ក្រោយពីធ្វើ សកម្មភាពរួច ជនសង្ស័យក៏បាននាំគ្នាបើកឡានគេចខ្លួន បាត់តែម្តង។

លទ្ធផលស្រាវជ្រាវស៊ើបអង្កេត៖
ជនសង្ស័យទាំងពីរនាក់ ១.ឈ្មោះ គង់ ដាវី ហៅ មាស សុវណ្ណារិទ្ធ ហៅ ផល ២.ឈ្មោះ ចាន់ សុធី បានឆ្លើយសារភាពថា៖ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ បុរសម្នាក់ឈ្មោះ ទឹង (កម្មករក្នុងហាង) ភេទប្រុស អាយុប្រហែល ៣៧ឆ្នាំ មិនស្គាល់ទីលំនៅ បានទំនាក់ទំទងគ្នា តាមប្រព័ន្ធTelegram ដោយថតរូបឧបករណ៍ភ្លេង ផ្សេងៗ នៅក្នុងហាងសន្យា ផ្ញើមកឲ្យឈ្មោះ គង់ ដាវី ដើម្បីឲ្យមកធ្វើសកម្មភាពលួច។

នៅថ្ងៃទី០១.១០.២០២១ ឈ្មោះ គង់ ដាវី ហៅផល បានរៀបចំផែនការ លួចសម្ភារៈក្នុងហាងនោះ ដោយឈ្មោះ ទឹង បានជិះម៉ូតូម៉ាក Suzuki Viva ទៅចាំនៅផ្ទះជួល របស់ គង់ ដាវី នៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ហើយឈ្មោះ គង់ ដាវី បានជិះរថយន្តម៉ាក KIA ពណ៌ខ្មៅ គ្មានស្លាកលេខ ចេញពីម្ដុំស្ថានីយ៍ទូរទស្សន៍បាយ័ន និងបានតេទូរស័ព្ទប្រាប់ឈ្មោះ ចាន់ សុធី ឲ្យមកឈរចាំនៅលើផ្លូវជាតិលេខ១ ជិតស្ពានច្បារអំពៅ ឲ្យយកកន្ដ្រៃទៅជាមួយផង បន្ទាប់មក ក៏ចេញទៅយកឈ្មោះ ទឹង នៅផ្ទះជួលភូមិត្នោតជ្រុំ។ រហូតដល់វេលាម៉ោង១២យប់ ឈានចូលថ្ងៃទី០២.១០.២០២១ ឈ្មោះ ទឹង បានប្រាប់ផ្លូវ ធ្វើដំណើរ មកហាងមួយកន្លែង យីហោសន្យា ស្ថិតនៅភូមិសាស្ត្រ ក្រុងតាខ្មៅ ដល់វេលាម៉ោង ១២និង៤៥នាទី បានធ្វើសកម្មភាពលួចតែម្តង ដោយឈ្មោះ គង់ ដាវី ហៅរិទ្ធ ហៅផល និង ឈ្មោះ ចាន់ សុធី បានយកកន្ត្រៃដែកដងពណ៌ខៀវ ប្រវែង១ម៉ែត្រ កាត់សោរបើកទ្វារចូលទៅលួចឧបករណ៍ភ្លេងបានមួយចំនួន៖ ១.ម៉ាស៊ីនចាក់ឌីជេ 01គ្រឿង ២.ម៉ាស៊ីន ម៉ិចស៊រ 01គ្រឿង ៣.ធុងបាសចំនួន 02គ្រឿង ។ ចំណែកឈ្មោះ ទឹង អង្គុយចាំក្នុងឡាន ជាអ្នកមើលផ្លូវ ។ ក្រោយពីលួចបាន ភ្លាមឈ្មោះ ទឹង បានដើរទៅផ្ទះ ចំណែកឈ្មោះ គង់ ដាវី និង ឈ្មោះ ចាន់ សុធី បានដឹកឧបករណ៍ភ្លេងទាំងនោះ ទៅទុកនៅផ្ទះជួលរបស់ឈ្មោះ គង់ ដាវី ។

នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១១ និង៤០នាទី ឈ្មោះ ចាន់ សុធី បានយកម៉ាស៊ីនចាក់ឌីជេ ១គ្រឿង ជិះ PassApp យកទៅលក់នៅចំណុច ចុងស្ពានដែកចំការដូង លក់ក្នុងតម្លៃ ៣៥០$ (បីរយហាសិបដុល្លារ) រហូតដល់ថ្ងៃទី២០.១០.២០២១ ទើបកម្លាំងជំនាញស្រាវជ្រាវ ឃាត់ខ្លួន ឈ្មោះ គង់ ដាវី ហៅ មាស សុវណ្ណារិទ្ធ ហៅ ផល និង ឈ្មោះ ចាន់ សុធី រួមជាមួយនឹងវត្ថុតាង។

ករណីនេះការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

មតិយោបល់