ព័ត៌មានជាតិ

ក្មេងប្រុស០៦នាក់បបួលគ្នាទៅមុជទឹកស្រះ បណ្តាលឲ្យរអិលជើងធ្លាក់ចូលទឹកជ្រៅស្លាប់ម្នាក់

ភ្នំពេញៈ នៅវេលាម៉ោង១៥និង១០នាទីរសៀល ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ នៅចំណុចស្រះទឹកក្រោយវត្តឫស្សីសាញ់ ភូមិប្រការ ផ្លូវ៥០m សង្កាត់ព្រៃស ខណ្ឌដង្កោ មានករណីក្មេងលង់ទឹកស្លាប់ម្នាក់ ជនរងគ្រោះឈ្មោះ ពៅ ម៉េងហៀង ភេទប្រុស អាយុ១៥ឆ្នាំ ស្រុកកំណើត និងទីលំនៅបច្ចុប្បន្នផ្ទះជួលភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរសិស្ស ។

ដំណើររឿងហេតុ៖ នៅវេលាម៉ោងខាងលើ ជនរងគ្រោះបានបបួលគ្នីគ្នាមិត្តភក្តិចំនួន០៥នាក់ ប្រុសទាំងអស់ រួមនិងសាមីខ្លួន០៦នាក់ ជិះម៉ូតូ៣គ្រឿងសំដៅមកមុជទឹកលេងស្រះមួយកន្លែង ដូចរៀបរាប់ខាងលើ ពេលមកដល់កន្លែងកើតហេតុ ជនរងគ្រោះបានដើរទៅត្រង់ចំណុច មាត់ស្រះដីទួលមានចំណោត ពេលនោះក៏រអិលជើងធ្លាក់ចូលក្នុងស្រះទាំងខោអាវក្រាសៗផង ធ្វើឲ្យភ័យស្លន់ស្លោលើកដៃឡើងលើ សញ្ញាប្រាប់ថាលង់ទឹកហើយ មិនចេះហែលទឹកទៀតផង ។ បន្ទាប់មកមិត្តភក្តិពីរនាក់ ក៏លោតចុះជួយចាប់ទាញដៃមកវិញ ប៉ុន្តែអ្នកទាំងពីរគ្មានជំនាញហែលទឹក មិនអាចជួយបាន ជនរងគ្រោះធ្លាក់ចូលទៅទីជម្រៅ ទឹកប្រមាណ១០m ក៏លិចបាត់ទៅ ។ បន្ទាប់មកមិត្តភក្តិទូរស័ព្ទប្រាប់បង ប្អូននិងម្តាយជនរងគ្រោះឲ្យមកទីកន្លែងកើតហេតុ ដើម្បីជួយរាវរកសព ប៉ុន្តែមិនអាចរកឃើញឡើយ ដោយសារទឹកជ្រៅពេក ប្រមាណ២០mឯណោះ ណាមួយពេលវេលាកាន់តែយប់ ទើបសម្រេចចិត្តរង់ចាំពេលព្រឹកទើបបន្តរកទៀត នៅវេលាម៉ោង ៤និង១៣នាទី ព្រឹកព្រលឹម ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ទើបរកឃើញសព ហើយម៉ោង៧និង១០នាទី កម្លាំងជំនាញបច្ចេកទេស និងគ្រូពេទ្យ រាជធានីភ្នំពេញមកពិនិត្យ ក្រោយពីពិនិត្យរួចរាល់ គ្រូពេទ្យជំនាញ វាយតម្លៃថាៈ សពពិតជាលង់ទឹកប្រាកដមែន និងបានប្រគល់ជូនគ្រួសារ នៃសពយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់