ព័ត៌មានជាតិ

បុរសម្នាក់បើក Luxes បុកទ្រូងផ្លូវបាក់១កង់ រេចង្កូតទៅបុករថយន្តFord បណ្តាលឲ្យរងការខូចខាត

ភ្នំពេញ: នៅវេលាម៉ោង០៩ និង ៣០នាទីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ មានបុរសម្នាក់ស្រវឹងស្រាជោក បើករថយន្តមួយគ្រឿង បោះពួយយ៉ាងលឿន ជ្រុលបុកក្បាលថ្មចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលបាក់១កង់ រថយន្តបង្កមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុករថយន្តមួយគ្រឿងទៀត កំពុងចតលើចិញ្ចើមផ្លូវ បណ្ដាលឲ្យរងការខូចខាតទាំងខាងយ៉ាងដំណំ ទីតាំងកើតហេតុ ស្ថិតតាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងនិងផ្លូវ៣៦០ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ស្រវឹងស្រា បើករថយន្ត Luxes ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2J 2980 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស មានទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន ខណ:មកដល់ចំណុចកើតហេតុខាងលើ មេឃកំពុងតែភ្លៀងផងនោះ បានជ្រុលទៅបុកក្បាលព្រួញថ្មចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យខ្ទាតទៅកណ្ដាលថ្នល់រងការខូចខាត រថយន្តមិនទាន់អស់ល្បឿន ជ្រុលទៅបុករថយន្តស៊េរីទំនើបម៉ាក Ford Raptor មិនមានស្លាកលេខ កំពុងចតលើចិញ្ចើមផ្លូវ ចំទ្វាខាងស្ដាំងរងការខូចខាត សំណាងល្អមិនមានអ្នករបួស ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ក្រុង វាស់វែងយករថយន្តបង្កទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់