ព័ត៌មានជាតិ

ស្ត្រីមានផ្ទៃពោះម្នាក់ជិះម៉ូតូមួយគ្រឿង ត្រូវរថយន្តព្រូសបុក បណ្តាលឲ្យដួលរងរបួសធ្ងន់

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តព្រូសបើកមកដល់ត្រង់ចំណុចផ្លូវបែកជាបួន បានបុកជាមួយម៉ូតូមួយគ្រឿង ជិះដោយស្ត្រីមានផ្ទៃពោះម្នាក់ បណ្តាលឲ្យដួលរងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៥០នាទីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ចំណុចផ្លូវបែកជាបួន រវាងផ្លូវ១០៦ កែងផ្លូវ១៩ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

រថយន្តបង្កមួយគ្រឿងម៉ាកព្រូស ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2BB 7691 បើកដោយស្ត្រីម្នាក់ ។ ចំណែកឯម៉ូតូរងគ្រោះម៉ាកមូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GV 3667 ជិះដោយស្ត្រីមានផ្ទៃពោះម្នាក់ ។

តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ម៉ូតូជិះតាមបណ្តោយផ្លូវ១៩ ទិសដៅពីត្បូងទៅជើង លុះពេលមកដល់ត្រង់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿងម៉ាកព្រូសខាងលើ បើកបរតាមបណ្តោយផ្លូវលេខ១០៦ ទិសដៅពីកើតទៅលិច ក៏ជ្រុលបុកគ្នានៅចំណុចខាងលើ បណ្តាលឱ្យដួលម៉ូតូស្ត្រីមានផ្ទៃពោះ ជាអ្នកជិះម៉ូតូរងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូន ទៅពិនិត្យនៅមន្ទីរពេទ្យភ្លាមៗផងដែរ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញខណ្ឌ បានចុះទៅដល់ ហើយភាគីទាំងសងខាងកំពុងធ្វើការសម្រួលគ្នានៅឡើយ បើគិតត្រឹមម៉ោង១២ និង ៣០នាទីថ្ងៃត្រង់ នាថ្ងៃដដែលនេះ ។ ក្នុងករណីខាងលើនេះ បើភាគីទាំងសងខាង ធ្វើការសម្រួលចរចាគ្នាមិនត្រូវនោះទេ សមត្ថកិច្ចនឹងចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់