អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកអ្នកស្រី Wendy Sherman បានជួបជាមួយលោកQin Gang ឯកអគ្គរដ្ឋទូតថ្មីរបស់ចិនប្រចាំនៅសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
សេចក្តីថ្លែងការណ៍ពីក្រសួងការបរទេសសហរដ្ឋអាមេរិកបានបញ្ជាក់ថា«អ្នកស្រីអនុរដ្ឋមន្ត្រីបានពិនិត្យមើលឡើងវិញពីជំនួបរបស់លោកស្រីជាមួយក្រុមមន្ត្រីចិននៅក្នុងទីក្រុង Tianjin កាលពីខែមុនហើយបានបង្ហាញការតាំងចិត្តរបស់សហរដ្ឋអាមេរិកដើម្បីបន្តការពិភាក្សា»។
មុនពេលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតលោក Qin ជាអនុរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការអឺរ៉ុប។លោកក៏បានធ្វើជាអ្នកនាំពាក្យក្រសួងការបរទេសចិនចំនួន២ដងដែរ។
លោកត្រូវបានគេស្គាល់ថា «ឆ្កែចចកប្រយុទ្ធ» ជាពាក្យដើម្បីពណ៌នាអ្នកការទូតចិនដែលល្បីខាងកាន់ជំហរដ៏គឃ្លើនចំពោះបណ្តាប្រទេសលោកខាងលិច។
លោក Qin ជំនួសលោក Cui Tiankai ដែលបានធ្វើជាឯកអគ្គរដ្ឋទូតចិនយូរជាងគេបំផុតនៅសហរដ្ឋអាមេរិកគឺការរយៈពេលប្រាំបីឆ្នាំ។
ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិនមានការតានតឹងប៉ុន្មានឆ្នាំថ្មីៗនេះដោយសារជម្លោះពាណិជ្ជកម្មការកម្ចាត់ជនជាតិភាគតិច Uyghurs នៅតំបន់ Xinjiang ការត្រួតត្រារបស់ចិននៅក្នុងទីក្រុងហុងកុងនិងជំងឺកូវីដ១៩ដែលបានចាប់ផ្តើមនៅទីក្រុង Wuhan។
លោកប្រធានាធិបតី Joe Biden បានសន្យាថាមិនអនុញ្ញាតឲ្យចិនជំនួសសហរដ្ឋអាមេរិកជាមេដឹកនាំពិភពលោកនៅក្រោមអាណត្តិរបស់លោកទេ៕
មតិយោបល់