ព័ត៌មានជាតិ

រថយន្តមួយគ្រឿងបើកបរខ្វះការប្រុងប្រយ័ត្ន បុកម៉ូតូកង់បីបណ្តាលឲ្យប្តីប្រពន្ធពីរនាក់របួសធ្ងន់

ភ្នំពេញៈ នៅវេលាម៉ោង០៩និង៤០នាទីយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បុរសម្នាក់បើករថយន្តលឿន ព្រោះជិតដល់ម៉ោងបម្រាមគោលចរ ដោយខ្វះការប្រុងប្រយ័ត្ន ជ្រុលបុកម៉ូតូកង់បីមួយគ្រឿង ធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្តាលឲ្យអោយប្តីប្រពន្ធពីរនាក់ រងរបួសធ្ងន់ ស្ថិតតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិសាមគ្គីថ្មី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កម៉ាក Ford Ranger ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BB-1807 ធ្វើដំណើរតាម បណ្ដោយផ្លូវបេតុង ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន មកដល់ត្រង់ចំណុចកើតហេតុខាងលើផ្លូវកោង ស្រាប់តែមានម៉ូតូកង់បីឥណ្ឌាមួយគ្រឿងទៀត ជិះពីរនាក់ប្តីប្រពន្ធ ធ្វើដំណើរលឿនបញ្ច្រាសទិសគ្នា ក៏ត្រូវរថយន្តបុកពេញទំហឹង បណ្តាលអោយខ្ទាតទៅប៉ះម៉ូតូមួយគ្រឿង និងកៀបអ្នកបើកបររបួសធ្ងន់ ចំណែកប្រពន្ធបានខ្ទាតចេញពីកង់បី ធ្លាក់បោកនិងថ្នល់ត្រូវរថយន្តកិន របួសធ្ងន់សន្លប់ស្តូកស្តឹង ។ បន្ទាប់មកជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធ ត្រូវបានរថយន្ដដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ ។

ក្រោយពេលកើតហេតុ រថយន្តបង្កនិងម៉ូតូកង់បី ត្រូវបានសមត្ថកិច្ចជំនាញវាស់វែង ស្ទូចយកទៅរក្សាទុក ជាបណ្តោះអាសន្ន នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយបន្ត នៅពេលក្រោយ តាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់