សៀមរាបៈយោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៨និង០០នាទី មានគ្រោះថ្នាក់ចរាចរណ៍ត្រង់ចំណុចទល់មុខវត្តខ្សាច់ ស្ថិតនៅក្នុងភូមិយាង ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប លើផ្លូវលេខ៦ ចន្លោះ គីឡូម៉ែត្រលេខ២៦៩និង២៧០ រវាងរថយន្ត និងម៉ូតូ(ឆ្លងកាត់ផ្លូវ)។
សមត្ថកិច្ចបានឲ្យដឹងថា មានរថយន្តមួយគ្រឿងម៉ាក ssang young istana ផលិតឆ្នាំ2000 ពាក់ផ្លាកលេខកំពង់ធំ 2A-4032 ប្រភេទដឹកអ្នកដំណើរធុនតូច ពណ៌លឿង អ្នកបើកបរ (មិនស្គាល់អត្តសញ្ញាណ) មានទិសដៅពីកើតទៅទិសខាងលិច បានបុកម៉ូតូ មួយគ្រឿង ម៉ាកហុងដាឌ្រីម ផលិតឆ្នាំ ២០១២ ពាក់ស្លាកលេខសៀមរាម1K-7643 ពណ៌ខ្មៅ បើកបរដោយឈ្មោះ គាង ផាត ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិយាង ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប និងអ្នករួមដំណើរចំនួន០២នាក់ៈ១. ឈ្មោះ យឹប ស្រីល័ក្ខ ភេទស្រី អាយុ២៣ឆ្នាំ(ប្រពន្ធ) ២.ឈ្មោះ សុផាត សុផាយុ អាយុ០៧ខែ ភេទប្រុស (កូន) បើកបរក្នុងទិសដៅពីទិសខាងត្បូងទៅទិសខាងជើង(មិនពាក់មួកសុវត្ថិភាព)។
លោកវរសេនីយ៍ទោ តាំង លីហេង អធិការនៃអធិការដ្ឋាននគរបាលស្រុកជីក្រែងបានបញ្ជាក់ថាបណ្ដាលអោយស្លាប់មនុស្ស ម្នាក់ ឈ្មោះ យឹប ស្រីល័ក្ខ ភេទស្រី អ្នករួមដំណើរ និងរបួសធ្ងន់ចំនួន០២នាក់ខូចខាតម៉ូតូ មួយគ្រឿងធ្ងន់ និងរថយន្តចំនួន ០១គ្រឿងស្រាល។
លោកអធិការបានបញ្ជាក់បន្ថែមថាមូលហេតុ នៃគ្រោះថ្នាក់ចរាចរណ៍បណ្តាលមកពីអ្នកបើកបរម៉ូតូឆ្លងកាត់ថ្នល់ខ្វះប្រុងប្រយ័ត្ន និងរថយន្តបើកបរក្នុងល្បឿនលឿន។ ចំណែកអ្នកបើកបរថយន្តបានរត់គេចខ្លួនបាត់។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះវាស់វែងធ្វើកំណត់ហេតុបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត និងធ្វើការប្រគល់សពជូនក្រុមគ្រួសាររងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាងទាំងពីរគ្រឿង សមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីបន្ត ៕
មតិយោបល់