សៀមរាប:ភ្លៀងលាយឡំខ្យល់កន្ត្រាក់ ផ្គរ និងរន្ទៈ បានបក់បោកសារជាថ្មីម្តងទៀត ទៅលើស្រុកពួក រងផលប៉ះពាល់ ឃុំចំនួន០៥ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងរបួស៥នាក់ ព្រមទាំងផ្ទះជិត១០០ខ្នង រងការខូចខាត។
លោកវរសេនីយ៍ត្រី ទេព ពុំសែន អធិការនគរបាលស្រុកពួក បានឲ្យដឹងថា នៅវេលាម៉ោង៤និង៣០នាទី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ មានហេតុការណ៍គ្រោះធម្មជាតិ ឃុំចំនួន៥ រងផលប៉ះពាល់ ឃុំល្វារលំផ្ទះ០១ខ្នង និងប៉ើងដំបូលផ្ទះចំនួន១០ខ្នង។ ឃុំដូនកែវ រលំផ្ទះ១១ខ្នង ប៉ើងដំបូលផ្ទះចំនួន២១ខ្នង មនុស្ស រងរបួសចំនួន០៥នាក់ ក្នុងនោះមានស្រីចំនួន០៣នាក់ ធ្ងន់០២នាក់ ស្រាល០៣នាក់។ ឃុំរើល រលំផ្ទះ០១ខ្នង ប៉ើងដំបូលផ្ទះចំនួន០៥ខ្នង និងដើមឈើរលំសង្កត់ផ្ទះ០១ខ្នង។ ឃុំសសរស្តម្ភ បណ្ដាលឲ្យមនុស្សស្រី០២នាក់ រងរបួសដោយសាររន្ទះបាញ់ ក្នុងនោះស្លាប់ម្នាក់ និងម្នាក់ទៀត ត្រូវបានជួយសង្គ្រោះ។ ឃុំមុខប៉ែន រលំផ្ទះ០១ខ្នង និងប៉ើងដំបូលចំនួន១១ខ្នង។
លោកអធិការនគរបាលស្រុក បានបន្តថា ករណីខាងលើនេះ បណ្ដាលឲ្យខូចខាតរបស់របរ និងសម្ភារៈ ជាច្រើនទៀត។ លោកបន្ថែមថា ក្នុងហេតុការណ៍នោះ មានពលរដ្ឋម្នាក់ បានស្លាប់ដោយសារន្ទៈបាញ់ និង៥នាក់ ផ្សេងទៀតរងរបួស។
សូមរំលឹកថា បន្ទាប់ពីទទួលបានដំណឹងថា នៅក្នុងស្រុកពួក បានជួបគ្រោះធម្មជាតិសារជាថ្មី ជាក់ស្តែងនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦នេះ លោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាល ខេត្តសៀមរាប បានដាក់ផែនការដល់ កងកម្លាំងនគរបាលខេត្ត និងកម្លាំងអធិការដ្ឋាន នគរបាល ស្រុករួមទាំងកម្លាំងនគរបាលប៉ុស្តិ៍ឲ្យចុះជួយរុះរើ និងធ្វើការជួសជុល ផ្ទះជូន ប្រជាពលរដ្ឋ ឡើងវិញ ដែលទទួលរងគ្រោះដោយសារខ្យល់កន្ត្រាក់៕
មតិយោបល់