បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៥ និង០០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល បានទទួលពាក្យបណ្តឹងរបស់ពីឈ្មោះ ស៊ន ចំរើន ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅក្រុមទី០៣ ភូមិអូរត្រែង ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ថាមានគេលួចកាត់ខ្សែភ្លើង របស់គាត់ប្រវែង ប្រហែល១០០ម៉ែត្រ ត្រង់ចំណុចភូមិឃុំខាងលើ ។
លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានអោយដឹងថា ក្រោយទទួលពាក្យបណ្តឹងពីជនរងគ្រោះខាងលើ កម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាល ស្រុករតនមណ្ឌល បានចុះសហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្លូវមាស ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៧និង២០នាទី ។ ជនសង្ស័យឈ្មោះ ឆែវ អ៊ី ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិអូរត្រែង ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។
សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន និងនាំមកកាន់អធិការដ្ឋាននគរបាល ស្រុករតនមណ្ឌល ដើម្បីធ្វើការសាកសួរពាក់ព័ន្ធករណីលួច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចខ្សែភ្លើង ប្រវែងប្រហែល១០០ម៉ែត្រ របស់ឈ្មោះ ស៊ន ចំរើន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិអូរត្រែង ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្ដបាត់ដំបង ពិតប្រាកដមែន ។
នៅពេលនេះ សមត្ថកិច្ចនគរបាលស្រុក បានរៀបចំបញ្ជូនសំណុំរឿង និងជនសង្ស័យ មកការិយាល័យជំនាញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕
មតិយោបល់