ព័ត៌មានជាតិ

រដ្ឋាភិបាលសហរដ្ឋអាមេរិកប្រគល់វត្ថុបុរាណដ៏ល្អឯកឱ្យមកកម្ពុជាវិញ ក្រោយបាត់បង់រាប់ឆ្នាំ ពីប្រាសាទក្រចាប់

 

(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ នេះថា បានចេញសេចក្តីជូនព័ត៌មានមួយ ស្តីពីការទទួលបានមកវិញនូវសម្បត្តិវប្បធម៌ខ្មែរ «រូបចម្លាក់ព្រះស្កន្ទគង់លើក្ងោក» ដោយអនុលោមតាម អនុស្សារណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក វត្ថុបុរាណខ្មែរដ៏ល្អ មានឈ្មោះថា «រូបចម្លាក់ព្រះស្កន្ទគង់លើក្ងោក» នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញនាពេលខាងមុខនេះ។

រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈ ការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំសង្កាត់ភាគខាងត្បូងនៃក្រុងញូវយ៉ក និងការិយាល័យស៊ើបអង្កេត សន្តិសុខមាតុភូមិសហរដ្ឋអាមេរិក បានដំណើរការក្តីតុលាការទាក់ទងនឹងរូបចម្លាក់ដ៏មានតម្លៃមួយដែលត្រូវបាន គេស្គាល់ថា «ព្រះស្កន្ទគង់លើក្ងោក» ដែលមានប្រភពមកពីប្រទេសកម្ពុជា។ ការិយាល័យស៊ើបអង្កេតសន្តិសុខ មាតុភូមិសហរដ្ឋអាមេរិក សហការជាមួយការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំសង្កាត់ភាគខាងត្បូងនៃក្រុង ញូវយ៉ក បានរឹបអូសយករូបចម្លាក់នេះពីម្ចាស់មុន ដែលស្ម័គ្រចិត្តប្រគល់ជូនដោយបោះបង់សិទ្ធិកាន់កាប់ វត្ថុ បុរាណដ៏ពិចិត្រនេះត្រូវបានយកចេញពីប្រាសាទក្រចាប់ ដែលជាប្រាសាទមួយក្នុងរមណីយដ្ឋានប្រាសាទកោះកេរ អតីតរាជធានីនៃអាណាចក្រខ្មែរនៅសតវត្សរ៍ទី១០គ.ស. ប្រាសាទកោះកេរធ្លាប់ជាគោលដៅនៃការលួចទ្រង់ ទ្រាយធំអស់ជាច្រើនឆ្នាំក្នុងអំឡុងសម័យសង្គ្រាម និងអសន្តិសុខ។

 

 

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានថ្លែងថា «រូបចម្លាក់ព្រះស្កន្ទគង់លើក្ងោកនេះគឺជាគំរូនៃភាពច្នៃប្រឌិតដ៏គួរឱ្យស្ញប់ស្ញែងរបស់បុព្វបុរសខ្មែរយើង។ ព្រះស្កន្ទ ទេព នៃសង្គ្រាមរបស់សាសនាហិណ្ឌូ គឺកម្រមានឃើញនៅក្នុងសិល្បៈខ្មែរ ប៉ុន្តែត្រូវបានបង្ហាញរូបរាងយ៉ាងលេចធ្លោ នៅប្រាសាទក្រចាប់»។

 

លោកជំទាវ បានបន្តថា «ការវិលត្រឡប់មកវិញនៃរូបចម្លាក់នេះ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការស្វែងរក និងនាំយកមកវិញនូវព្រលឹងរបស់បុព្វបុរសយើង ដែលបានចាកចេញពីមាតុភូមិកំណើតអស់រយៈពេលច្រើនឆ្នាំ កន្លងមកក្នុងអំឡុងសម័យសង្គ្រាម។ យើងខ្ញុំមានក្តីរំភើបឥតឧបមា នៅពេលដែលយើងអាចទទួលបានមកនូវវិញ សម្បត្តិវប្បធម៌ដ៏មានតម្លៃជាច្រើន ដែលត្រូវបាននាំចេញដោយខុសច្បាប់ពីប្រទេសកម្ពុជា ជាអាទិ៍ រូបចម្លាក់ព្រះ ឥសូរនិងព្រះស្កន្ទ ដែលនឹងបញ្ជូនត្រឡប់មកកម្ពុជាវិញនាពេលឆាប់ៗខាងមុខនេះ ហើយជឿជាក់ថាបានយក ចេញពីកន្លែងតែមួយជាមួយនឹងរូបចម្លាក់ព្រះស្កន្ទគង់លើក នៅក្នុងតួប៉មកណ្តាលនៃប្រាសាទក្រចាប់។ ការ ត្រឡប់មកវិញនៃរូបចម្លាក់ទាំងនេះ និងរបកគំហើញថ្មីៗជាបន្តបន្ទាប់ បានផ្តល់ឱ្យប្រជាជនកម្ពុជា និងពិភពលោក នូវការយល់ដឹងកាន់តែប្រសើរថែមទៀតអំពីវប្បធម៌ និងប្រវត្តិសាស្ត្រខ្មែរបុរាណ»៕

មតិយោបល់