ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីយកកាំបិតគំរាមសម្លាប់ ស្រ្តីវ័យចំណាស់ម្នាក់ និងធ្វើឲ្យរបួសប្រេះឆ្អឹងកដៃខាងឆ្វេង

តាកែវ: នៅថ្ងៃអាទិត្យ ២រោច ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៩ និង ៥០ នាទី មានករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងគំរាមថានឹងសម្លាប់ កើតឡើងត្រង់ចំណុចភូមិតាស៊ូ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។

ករណីខាងលើនេះបង្កឡើងដោយជនសង្ស័យឈ្មោះ តេម ណុប ហៅប៉ុយ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកើតហេតុ បានធ្វើសកម្មភាពប្រើអំពើហិង្សា និងបានយកកាំបិតកញ្ចែត (កាំបិតកាប់ដូង) គំរាមថានឹងសម្លាប់ចោល មកលើជនរងគ្រោះឈ្មោះ ខឹម សួន ភេទស្រី អាយុ៧៧ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិតាស៊ូ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ បណ្ដាលឲ្យរងរបួសចំកដៃចំហៀង ខាងឆ្វេងប្រេះឆ្អឹងកដៃ ។

មូលហេតុ៖ បណ្តាលមកពីស្រវឹងស្រា ទើបមានករណីហិង្សានេះកើតឡើង ។

ក្រោយពេលកើតហេតុ ជនសង្ស័យបានរត់គេចខ្លួនបាត់ ។ លុះឈានដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១១និង ០០ នាទី ទើបកម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចភូមិតាស៊ូ ឃុំត្រពាំងសាប ស្រុកបាទី តេត្តតាកែវ និងបានដកហូតវត្ថុតាង កាំបិតកញ្ចែត ដងឈើប្រវែង៤០ សង់ទីម៉ែត្រ មកអធិការដ្ឋាននគបាលស្រុកបាទី ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់