ភ្នំពេញៈ នៅវេលាម៉ោង០៩និង៤១នាទីយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ មានករណីស្រ្តីម្នាក់មានវិបត្តិក្នុងគ្រួសារដើរយំបណ្តើរ ឡើងលើស្ពានប៉ុនប៉ងមកលោតទឹកសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើល ស្ថិតត្រង់ចំណុចស្ពានជ្រោយចង្វា ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
ស្រ្តីរងគ្រោះមានឈ្មោះ វ័ន សន អាយុ៤២ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិ១០ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះបានដើរថ្មើរជើង ដើរបណ្តើរយំបណ្ដើរ ឡើងលើស្ពានជ្រោយចង្វា ពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ បានលើកជើងម្ខាងដាក់លើបង្កាន់ដៃស្ពានតោងឡើង បំណងលោតចូលក្នុងទឹកទន្លេ ត្រូវបានពលរដ្ឋធ្វើដំណើរឆ្លងកាត់ឃើញ ស្ទុះទៅចាប់ទាញឲ្យចុះមកវិញ បង្កឲ្យការភ្ញាក់ផ្អើលដល់សមត្ថកិច្ចដែលប្រចាំការ នៅទីនោះជួយអន្តរាគមន៍ ។
ស្រ្តីរងគ្រោះខាងលើ សព្វថ្ងៃនាងមានប្តីនិងមានកូនប្រុសស្រីចំនួន០៣នាក់ នាងប៉ុនប៉ងមកលោតទឹកសម្លាប់ខ្លួននេះ គឺដោយសារមានវិបត្តិផ្លូវចិត្ត កូនមិនស្តាប់ការទូន្មានរបស់ម្តាយ ថែមទាំងលែងខ្វាយខ្វល់ និងមានរឿងរកាំរកូសជាមួយ នឹងប្តីថែមទៀត ។ បន្ទាប់មកក៏ស្រាប់តែលេចមុខកូនប្រុសស្រី បានមកដល់ចំណុចកើតហេតុ បាននាំគ្នាលុតជង្គង់សំពះសុំទោសស្ត្រីជាម្តាយ និងអង្វរករម្តាយអស់រយៈពេលកន្លះម៉ោងឲ្យត្រឡប់ទៅផ្ទះវិញ ៕
មតិយោបល់