ព័ត៌មានជាតិ

យុវជនម្នាក់ជិះម៉ូតូបុកកុងតឺន័របទឆ្លងផ្លូវ ដួលចូលក្រោមកង់កិនបែកខួរស្លាប់ក្នុងថ្លុកឈាម

ភ្នំពេញ: យុវជនម្នាក់បានបែកខួរស្លាប់ នៅនឹងកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីជិះម៉ូតូលឿនពេក ខ្វះការប្រុងប្រយ័ត្ន ជ្រុលចង្កូតទៅបុកចំពាក់កណ្ដាល រថយន្តកុងតឺន័រ បើកបត់ឆ្លងផ្លូវ បណ្ដាលឱ្យចូលក្រោមកង់ កិនបែកខួរស្លាប់ក្នុងថ្លុកឈាម ។ ចំណែកតៃកុងរថយន្តបង្ករត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង០៩និង៣០នាទីយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ស្តិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ចំណុចជាប់និងវិទ្យាល័យពងទឹក ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះ ហ៊ុន សាន្តម៉ៅ ភេទប្រុស ប្រហែលជា២០ឆ្នាំជាង រីឯស្រុកកំណើតនៅមិនទាន់ដឹងនៅឡើយ ។

យោងតាមប្រភពព័ត៌មាន ពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តកុងតឺន័រ មួយគ្រឿង ក្បាលពណ៌ត្រួយចេក ពាក់ផ្លាកលេខ ភ្នំពេញ 3E- 7550 បើកបដោយបុរសម្នាក់ ចេញពីពីក្រុមហ៊ុនអិលវ៉ាយ ស៊ីឡូជេស្ទិក និងត្រេនស្ពត ក្នុងទិសដៅពីត្បូងមកជើក ឡើងផ្លូវជាតិលេខ៣ បម្រុងនិងបទឆ្វេង ខណ:បទដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមាន យុវជនម្នាក់ ជិះម៉ូតូម៉ាកហុងដាទ្រីមសង់សេ១២៥ ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ 1V-6531 ជិះតាមបណ្តោយ ផ្លូវជាតិលេខ៣ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន បានជ្រុលទៅបុកចំពាក់កណ្តាលរថយន្តកុងតឺន័របណ្តាលឲ្យចូលក្រោម កង់កិនបែកខួរស្លាប់ភ្លាមៗ នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម បន្ទាប់មកក៏បានពលរដ្ឋ នៅកន្លែងកើតហេតុ រាយការណ៍ ទៅសមត្តកិច្ចមូលដ្ឋាន ឲ្យចុះមកពិនិត្យភ្លាមៗផងដែរ ។

ក្រោយពីសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ក៏បានពិនិត្យ ជុំវិញកន្លែងកើតហេតុ រួក៏បានទំនាក់ទំនងទៅខាងផ្នែកជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងនិងធ្វើកំណត់ហេតុយករថយន្តបង្ក និងម៉ូតូជនរងគ្រោះយកទៅរក្សាទុក នៅខាងការិយ៉ាល័យចរាចរណ៍ ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ ។ បន្ទាប់មកក៏ធ្វើកំណត់ហេតុ ប្រគល់សព ឱ្យរថយន្តសាមុយយកទៅតម្កល់ទុក រង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់