ក្នុងកិច្ចប្រជុំបិទទ្វារ នៅគណបក្សសម្ព័ន្ធប្រជាធិបតេយ្យគ្រិស្ទសាសនាអាល្លឺម៉ង់ CDU លោកស្រី អង់ហ្គេឡា មែរគិល បានវាយតម្លៃស្ថានការណ៍នៅអាហ្វហ្កានីស្ថាន ថាជា « រឿងដ៏ជូរចត់ » ហើយនិងថា ការដកទ័ពរបស់បច្ចិមប្រទេសនេះ ក៏ព្រោះតែ « នយោបាយផ្ទៃក្នុងអាមេរិក »។ ប្រសាសន៍នេះ ត្រូវថ្លែងប្រាប់អ្នកសារព័ត៌មានបារាំង AFP ពីសំណាក់អ្នកចូលរួមប្រជុំ។
ចំពោះលោកស្រី អង់ហ្គេឡា មែរគិល, ប្រសិនបើអាមេរិកមិនដកទ័ពទេ នោះទាហានរបស់បច្ចិមប្រទេសផ្សេងទៀតនិងទ័ពសមាជិកអង្គការអូតង់ ក៏មិនចាកចេញពីអាហ្វហ្កានីស្ថានដែរ។ សម្រាប់បេក្ខជនស្នងតំណែងលោកស្រី មែរគិល វិញ លោក Armin Laschet បានចាត់ទុកថា ការដកទ័ពបច្ចិមប្រទេសនេះជាមហន្តរាយដ៏ធំ មិនធ្លាប់ជួបសោះ តាំងពីការបង្កើតអង្គការអូតង់មក។
ក៏ប៉ុន្តែ ប្រធានាធិបតីអាមេរិក បានថ្លែងកាលពីថ្ងៃសៅរ៍កន្លងទៅ ថាការដកទ័ពចេញពីអាហ្វហ្កានីស្ថាន នៅពេលនេះ នៅឆ្នាំនេះ ឬ ៥ឆ្នាំក្រោយ ក៏គ្មានអ្វីខុសគ្នាដែរ ខណៈដែលទាហានអាហ្វហ្កានីស្ថាន មិនចង់និងមិនអាចការពារប្រទេសជាតិខ្លួន ផងនោះ។ នេះបើតាម លោក ចូ បៃដិន ដោយបានបញ្ជាក់ពីថ្ងៃសៅរ៍ទៀតថា លោកនឹងក្លាយត្រឹមជាប្រមុខរដ្ឋអាមេរិកទី៤ ដែលប្រឈមនឹងវិបត្តិដដែលៗជុំវិញវត្តមានអាមេរិកនៅអាហ្វហ្កានីស្ថាន ដោយលោកមិនបន្សល់ទុករឿងចាស់នេះ រហូតដល់ប្រធានាធិបតីបន្ទាប់ពីលោកទៀតឡើយ។ ទោះយ៉ាងនេះក៏ដោយ អធិការបតីអាល្លឺម៉ង់ លោកស្រី មែរគិល ស្តីបន្ទោសបែបប្រយោលថា « ព្រោះតែនយោបាយផ្ទៃក្នុងអាមេរិកសោះ គឺនាំឲ្យមានវិបត្តិមនុស្សធម៌ នៅអាហ្វហ្កានីស្ថាន។ »
ថ្នាក់ដឹកនាំអាល្លឺម៉ង់ បានលើកសំណើថាចង់ដាក់ពង្រាយកម្លាំងទ័ពអាល្លឺម៉ង់ ដើម្បីជួយជម្លៀសពលរដ្ឋរបស់ខ្លួនចេញឲ្យអស់ពីអាហ្វហ្កានីស្ថាន។ យ៉ាងហោច មានមនុស្សគោលដៅ ចំនួន ២ពាន់ ៥រយនាក់ ដែល អាល្លឺម៉ង់ ត្រូវជម្លៀសខ្លួនចេញ។ អ្នកទាំងនោះ ជាពលរដ្ឋអាល្លឺម៉ង់ មន្ត្រីទូត និងជនជាតិអាហ្វហ្កានីស្ថានដែលជួយបម្រើការងារឲ្យអាល្លឺម៉ង់ ព្រមទាំងគ្រួសាររបស់ពួកគេ។ ជាមួយគ្នានេះ មានក្រុមមេធាវី និង អ្នកធ្វើការផ្នែកសិទ្ធិមនុស្ស ប្រមាណជា ២ពាន់នាក់ទៀត ក៏ចង់សុំភៀសខ្លួនចេញដែរ៕




មតិយោបល់