ប្រមុខអង្គការអូតង់លោកយែន ស្តុលទែនប៊ែរបានយល់ឃើញដូចប្រធានាធិបតីអាមេរិកលោកចូ បៃដិនដែលភ្ញាក់ផ្អើលនឹងការដួលរលំប្រព័ន្ធនយោបាយ និងយោធារបស់រដ្ឋាភិបាលអាហ្វហ្កានីស្ថានយ៉ាងឆាប់រហ័សនឹកស្មានមិនដល់នៅចំពោះមុខពួកតាលីបង់។ នៅក្នុងន័យនេះ លោកស្តុលទែនប៊ែរបានបញ្ជាក់ច្បាស់ពីអសមត្ថភាពរបស់រដ្ឋាភិបាលអាហ្វហ្កានីស្ថានក្នុងការត ទល់នឹងពួកតាលីបង់នៅលើសមរភូមិសង្រ្គាមក៏ដូចជានៅលើសមរភូមិនយោបាយ។ សមរភូមិនយោបាយដែលប្រមុខអង្គការអូតង់ចង់និយាយនេះ គឺបរាជ័យរបស់រដ្ឋាភិបាលអាហ្វហ្កានីស្ថានក្នុងការចរចាស្វែងរកដំណោះស្រាយដោយសន្តិវិធីជាមួយពួកតាលីបង់។
ទាក់ទងនឹងស្ថានការណ៍នៅអាកាសយានដ្ឋានក្រុងកាប៊ូលត្រូវបានលោកស្តុលទែនប៊ែរបញ្ជាក់ថា បុគ្គលិកស៊ីវិលអូតង់ និងបុគ្គលិកជនជាតិអាហ្វហ្កានីស្ថានដែលបម្រើការឲ្យអូតង់នៅអាហ្វហ្វានីស្ថានកំពុងធ្វើការយ៉ាងសកម្មដើម្បីធានាដំណើរការនៅអាកាសយានដ្ឋាន។ តាមលោកស្តុលទែនប៊ែរ មានបុគ្គលិកស៊ីវិលប្រមាណជា ៨០០នាក់កំពុងធ្វើការឲ្យអូតង់នៅក្នុងក្រុងកាប៊ូល ពិសេសការងារចាំបាច់ដូចជាការធានាចរាចរណ៍ផ្លូវអាកាស ការគ្រប់គ្រងប្រេង និងផ្នែកទំនាក់ទំនង។ លោកស្តុលទែនប៊ែរបានព្រមានពួកតាលីបង់ឲ្យគោរព និងសម្រួលសន្តិសុខដល់អ្នកដែលចង់ចាកចេញពីអាកាសយានដ្ឋាន រួមទាំងស្នើតាលីបង់កុំឲ្យបិទផ្លូវ និងព្រំដែន។
ដោយឡែក លោកស្តុលទែនប៊ែរបានយល់ឃើញថា មានមេរៀនជាច្រើនដែលគេអាចទាញចេញពីព្រឹត្តិការណ៍នៅអាហ្វហ្កានីស្ថានពេលនេះ។ តែទោះជាយ៉ាងនេះក្តី ប្រមុខអង្គការអូតង់មិនភ្លេចបញ្ជាក់ពីភាពចម្រើនមួយចំនួនដែលអូតង់សម្រចបាននារយៈពេល ២០ឆ្នាំនៅអាហ្វហ្កានីស្ថាន ពិសេសរារាំងប្រទេសមិនឲ្យធ្វើជាជម្រកសម្រាប់ភេរវកម្មអន្តរជាតិនៅក្រោយមហាភេរវកម្មថ្ងៃ១១ កញ្ញា ២០០១។ លោកស្តុលទែនប៊ែរបានសម្គាល់ឃើញថាក្នុងរយៈពេល ២ទសវត្ស មិនមានការវាយប្រហារភេរវកម្មត្រូវបានរៀបចំពីប្រទេសអាហ្វហ្កានីស្ថាននៅលើទឹកដីប្រទេសសមាជិកអូតង់ទេ៕
មតិយោបល់