ព័ត៌មានជាតិ

រថយន្តធុនធំ បើកបរខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យកៀរគ្នា រងការខូចខាតមួយគ្រឿងទៀត

ភ្នំពេញៈ នៅវេលាម៉ោង០៩និង១០នាទីយប់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ រថយន្តដឹកទំនិញធុនធំ មួយគ្រឿង បើកបរខ្វះការ ប្រុងប្រយ័ត្ន បានរេចង្កូតទៅកៀររថយន្តធុនតូចមួយគ្រឿងទៀត ដែលបើកស្របទិសគ្នា បណ្តាលឲ្យរងការខូចខាត ស្ថិតត្រង់ចំណុច ស្តុបផ្សារដីហុយ តាមបណ្ដោយផ្លូវហាណូយ កែងនិងផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើកបររថយន្តមួយគ្រឿងម៉ាក ម៉ាស័រដេស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AI-9578 ដែលបើកធ្វើដំណើរ បណ្ដោយផ្លូវហាណូយ ទិសដៅពីត្បូងទៅជើង ។ លុះដល់ចំណុចស្តុបកើតហេតុ រថយន្តនោះក៏បានឈប់ ដើម្បីរង់ចាំភ្លើងស្តុប ពណ៌បៃតង ស្របពេលនោះ ក៏ស្រាប់តែមានរថយន្ត មួយគ្រឿងទៀត ជាប្រភេទរថយន្តដឹកទំនិញប្រាំភ្លៅ ម៉ាកហ៊ីណូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-0306 ដែលបើកបរដោយបុរសម្នាក់ ធ្វើដំណើរស្របទិសគ្នានិងបានបើកមកឈប់ ទន្ទឹមខាងស្តាំរថយន្តម៉ាស័រដេស ។ ខណៈពេលភ្លើងស្តុប លោតពណ៌បៃតង ដែលអាចបន្តដំណើរ ទៅមុខទៀតបានរថយន្តធុនធំក៏ បានបើកបន្តដំណើរទៅខាងមុខ ដោយមិនប្រយ័ត្នក៏ជ្រុលចង្កូតទៅខាងឆ្វេង រួចក៏ទៅកៀរចំផ្នែកខាងស្ដាំរថយន្តម៉ាស័រដេស បណ្ដាលឲ្យក្រពឹតរងការខូចខាត ចំណែកឯរថយន្តដឹកទំនិញមិនមានរងការខូចខាតនោះទេ ។ បន្ទាប់មកភាគីទាំងពីរ ក៏បានចុះពីលើរថយន្តមកធ្វើការចរចាយកត្រូវរៀងៗខ្លួន ហើយត្រូវបានសមត្ថកិច្ច ចុះមកធ្វើការអន្តរាគមន៍ភ្លាមៗ ផងដែរ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញក៏បានចុះមកធ្វើការវាស់វែង យករថយន្តទាំងពីរគ្រឿង យកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់ជាបន្តទៀតនៅពេល ក្រោយ ៕

មតិយោបល់