ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូលឿនជ្រុលបុករថយន្តបើកឆ្លងផ្លូវ បណ្តាលឲ្យបោកបាក់ភ្លៅរងរបួសធ្ងន់

ភ្នំពេញៈ នៅវេលាម៉ោង០៨និង៥៥នាទីយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ មានករណីគ្រោះថ្នាកចរាចរណ៍មួយកើតឡើង រថយន្តឡង់គ្រីស័របើកឆ្លងផ្លូវ ត្រូវម៉ូតូហុងដាឌ្រីមសង់បុកពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់បាក់ភ្លៅរបួសធ្ងន់ ស្ថិតតាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ី មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក ឡង់គ្រីស័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AM-0595 បើកចេញពីភូមិឆ្លងចូលទៅផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីជើងទៅត្បូង បានពាក់កណ្ដាលផ្លូវ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសង់២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AE-5718 ជិះដោយបុរសម្នាក់ ក្នុងទិសដៅពីកើតទៅលិច បោះពួយយ៉ាងលឿន ដោយវ៉ាកអឺជាន់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុករថយន្តពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះ បោកនិងរថយន្តរងរបួសធ្ងន់បាក់ភ្លៅ ។ ជនរងគ្រោះត្រូវបានរថយន្តដឹកយកទៅសង្គ្រោះបន្ទាន់ផងដែរ ។ បន្ទាប់មកកម្លាំងសមត្ថកិច្ច នៅក្នុងមូលដ្ឋានបានចុះទៅបាញ់ថ្នាំយករថយន្ត និងម៉ូតូដាក់អែបខាងដើម្បីសម្រួលចរាចរណ៍ និងទាក់ទងទៅផ្នែកជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែង ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចផ្នែកជំនាញចរាចរណ៍ខណ្ឌបានចុះមកធ្វើការវាស់វែង យកវត្ថុតាងរថយន្ត និងម៉ូតូទៅរក្សាទុក ជាបណ្តោះអាសន្ន ដើម្បីរង់ចាំធ្វើការដោះស្រាយ នៅពេលក្រោយតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់