កំពង់ចាមៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៥ និង៣០នាទី ដោយបានការអនុញ្ញាតពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកំពង់សៀម រួមជាមួយកម្លាំង ចរារចរណ៍ផ្លូវគោក ដឹកនាំដោយលោកវរសេនីយ៍ឯក ឯក ប៉ាន់ដន អធិការនគរបាលស្រុកកំពង់សៀម បានចុះធ្វើរដ្ឋបាលចំហត្រួតពិនិត្យអាវុធជាតិផ្ទុះ និងធ្វើតេស្តស្វែងរកសារធាតុញៀន ក្នុងទឹកនោម លើជនសង្ស័យចំនួន ០២នាក់ ស្ថិតនៅចំណុចគោលដៅ ផាកពិន័យចររាចរណ៍ផ្លូវគោក ស្ថិតក្នុងភូមិត្រកួន ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
មន្រ្តីនគរបាលស្រុកកំពង់សៀម បានឲ្យដឹងថា ជនសង្ស័យចំនួន ០២នាក់ ១-ឈ្មោះ គុណ ចាន់ភឿង ហៅត្រេន ភេទប្រុស អាយុ ២១ឆ្នាំ ជាតិខ្មែរ មុខរបរបើកបរ មានទីលំនៅភូមិព្រះធាតុ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ លទ្ធផលតេសទឹកនោម (អវិជ្ជមាន) ។ ២-ឈ្មោះ កន ភាន់ ភេទប្រុស អាយុ ៣១ឆ្នាំ ជាតិខ្មែរ មុខរបរបើកបរ មានទីលំនៅភូមិត្រប់ ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម លទ្ធផលតេសទឹកនោម (វិជ្ជមាន) ។ លទ្ធផលធ្វើសំណាកតេស្តរកកូវីដ-១៩ អ្នកទាំងពីរ (អវិជ្ជមាន) ។
វត្ថុតាងដកហូតរួមមាន ៖ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ០១កញ្ចប់, ម៉ូតូចំនួន ០១គ្រឿង និងទូរស័ព្ទដៃចំនួន ០២គ្រឿង ។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំមកការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីរៀបចំកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕
មតិយោបល់