ព័ត៌មានជាតិ

កូរ៉េខាងត្បូង និងកោះតៃវ៉ាន់ មានភាពខុសគ្នាជាមូលដ្ឋានពីអាហ្វហ្គានីស្ថាន ,នេះបើតាមសម្តី ប្រធានាធិបតីសហរដ្ឋអាមេរិក

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បាននិយាយថា សម្ព័ន្ធមិត្តដូចជាកូរ៉េខាងត្បូង និងកោះតៃវ៉ាន់ មានភាពខុសគ្នាជាមូលដ្ឋានពីអាហ្វហ្គានីស្ថាន នៅពេលនិយាយអំពីការប្តេជ្ញាចិត្តសន្តិសុខរបស់សហរដ្ឋអាមេរិក។

លោក បៃដិន បាននិយាយដូចនេះនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយមួយកាលពីថ្ងៃព្រហស្បតិ៍ (ម៉ោងនៅសហរដ្ឋអាមេរិក) ខណៈដែលការដកកងទ័ពរបស់ខ្លួនចេញពីអាហ្វហ្គានីស្ថានបានបង្កើនការសង្ស័យទៅលើការប្តេជ្ញាសន្តិសុខរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះសម្ព័ន្ធមិត្ត។ លោក បៃដិន បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ ABC ថា «វាមានភាពខុសគ្នាជាមូលដ្ឋានរវាងកោះតៃវ៉ាន់ កូរ៉េខាងត្បូង និងអង្គការណាតូ»។

លោកបាននិយាយថា «យើងស្ថិតនៅក្នុងស្ថានភាពមួយដែលពួកគេជាអង្គភាពដែលយើងបានធ្វើកិច្ចព្រមព្រៀងជាមួយ ដោយមិនផ្អែកទៅលើសង្រ្គាមស៊ីវិលដែលពួកគេកំពុងមាននៅលើកោះនោះ ឬនៅក្នុងប្រទេសកូរ៉េខាងត្បូងនោះទេ ប៉ុន្តែផ្អែកលើកិច្ចព្រមព្រៀងមួយដែលពួកគេមានរដ្ឋាភិបាលបង្រួបបង្រួម ដែលការពិតគឺវាកំពុងព្យាយាមការពារមនុស្សអាក្រក់ពីការធ្វើអំពើអាក្រក់ចំពោះពួកគេ»។

លោក បៃដិន បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកបានរក្សា «ការប្តេជ្ញាចិត្តដ៏ពិសិដ្ឋ» ថា ខ្លួននឹងឆ្លើយតបប្រសិនបើនរណាម្នាក់ចង់ឈ្លានពាន ឬចាត់វិធានការប្រឆាំងនឹងសម្ព័ន្ធមិត្តរបស់ខ្លួននៅអឺរ៉ុប។

លោកបាននិយាយថា «ដូចគ្នាជាមួយជប៉ុន ដូចគ្នាជាមួយកូរ៉េខាងត្បូង និងដូចគ្នាជាមួយតៃវ៉ាន់ដែរ»។ សុន្ទរកថារបស់លោក បៃដិន ត្រូវបានធ្វើឡើងបន្ទាប់ពីមានការអត្ថាធិប្បាយស្រដៀងគ្នានេះដែលធ្វើឡើងដោយទីប្រឹក្សាសន្តិសុខជាតិរបស់លោក គឺលោក Jake Sullivan កាលពីដើមសប្តាហ៍។

លោក Sullivan បាននិយាយថា រដ្ឋបាលលោក បៃដិន គ្មានចេតនាកាត់បន្ថយវត្តមានកងទ័ពអាមេរិកនៅកូរ៉េខាងត្បូង ឬអឺរ៉ុបទេ ដោយលោកបានសង្កត់ធ្ងន់ថា «ការប្តេជ្ញាចិត្តរបស់យើងចំពោះសម្ព័ន្ធមិត្ត និងដៃគូរបស់យើង គឺមានភាពស្មោះត្រង់ និងតែងតែមានជានិច្ច»។

លោក បៃដិន បានការពារការដកទ័ពចេញពីទីក្រុងកាប៊ុល និងបានច្រានចោលយោធាអាហ្វហ្គានីស្ថានចំពោះការមិនចង់ប្រយុទ្ធ និងមេដឹកនាំអាហ្វហ្គានីស្ថានចំពោះការបែកបាក់សាមគ្គីភាព ខណៈដែលលោកសង្កត់ធ្ងន់ថា គោលដៅរបស់សហរដ្ឋអាមេរិក គឺបង្ការអំពើភេរវកម្មជាជាង «ការកសាងប្រទេស»៕

 

National vector fabric wave flags of South Korea and Taiwan isolated on white background. 1 to 2 proportion.

មតិយោបល់