ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូបុករថយន្តមួយគ្រឿងពេញទំហឹង បណ្តាលឲ្យដួលរងរបួសជាទម្ងន់

តាកែវៈ នៅថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង២០ និង៣០នាទី ស្ថិតនៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ៧៧-៧៨ ក្នុងភូមិខ្នាទៃ ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូ ដែលបើកបរក្នុងទិសដៅខ្វែងទិសគ្នា បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានរថយន្តមួយគ្រឿង ម៉ាកដេវ៉ូ ពណ៌ទឹកប្រាក់/ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3E-8322 មានសណ្តោងពោងម៉ាកស៊ឺមីទ្រៀលឡឺ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 4A-6359 បើកបរដោយឈ្មោះ យី សម្បត្តិ ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរអ្នកបើកបររថយន្ត នៅភូមិ២ ឃុំស្វាយប្រពាល ស្រុកស្អាង ខេត្តកណ្តាល (គ្មានរបួស) ដែលបើកបរមកពីទិសខាងត្បូង លុះបើកបរមកដល់ចំណុចខាងលើ ក៏មានម៉ូតូមួយគ្រឿងមកបុកចំពីចំហៀង ខាងស្តាំពេញមួយទំហឹងតែម្តង ដែលម៉ូតូនោះម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ផ្លាក លេខ កំពត 1M-8797 បើកបរដោយឈ្មោះ ទុយ មិថុនា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកសិករ នៅភូមិព្រៃឈើទាល ឃុំអង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត (រងរបួសធ្ងន់) មានពាក់មួកសុវត្ថិភាព ដែលបើកបរឆ្លងផ្លូវពីទិសខាងកើតទៅត្បូង ។ អ្នករបួសត្រូវបានដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ ។

មូលហេតុ៖ បណ្តាលមកពីការ បើកបរមិនគោរពសិទ្ធិអាទិភាព ដោយម៉ូតូឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ។
ក្រោយពេលកើតហេតុ កម្លាំងជំនាញកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។ រីឯវត្ថុតាងរថយន្តនិងម៉ូតូខាងលើ ត្រូវបានយកមករក្សាទុក ជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ៕

មតិយោបល់