ព័ត៌មានជាតិ

បុរសម្នាក់បន្ទាប់ពីផឹកស្រាសជាមួយមិត្តភក្តិ បានអុំកាណូតទៅផ្ទះបណ្តាលឲ្យធ្លាក់ទឹកស្ទឹងស្លាប់

សៀមរាបៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ង្ងៃសុក្រ ១២កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃ២២ ខែសីហា ឆ្នាំ២០២១ មានករណីមនុស្សធ្លាក់ទឹកស្លាប់ ចំណុចស្ទឹងសង្កែ ស្ថិតក្នុង ភូមិទ្រាយ ឃុំពោធិ៍ទ្រាយ ស្រុកពួក ខេត្តសៀមរាប ។

លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនៃអធិការដ្ឋាននគរបាលស្រុកពួកបានអោយដឹងថា នៅវេលាម៉ោង ០៨ និង៣០នាទីព្រឹក ត្រូវនឹងថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២១ ជនរងគ្រោះឈ្មោះ ដុំ ជុំ ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅ ភូមិទ្រាយ ឃុំពោធិ៍ទ្រាយ ស្រុកពួកខេត្តសៀមរាប រស់នៅតែម្នាក់ឯង ហើយផឹកស្រាស្រវឹងជាប្រចាំ ។

នៅមុនពេលកើតហេតុ វេលាម៉ោង០៦ និង៣០នាទីល្ងាច ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ជនរងគ្រោះបានអង្គុយផឹកស្រាស ជាមួយមិត្តភក្តិ០២នាក់៖ ១.ឈ្មោះ អ៊ី ភេទប្រុស អាយុ៥២ឆ្នាំ, ២.ឈ្មោះ ជា វ៉ិត ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិជុំគ្នា បានផឹកស្រាសអស់ ចំនួន ៣.៥លីត្រ រួចបែកគ្នានៅវេលាម៉ោង ២០និង១៥នាទី ។ ចំណែកជនរងគ្រោះបានអុំកាណូត (មិនបញ្ឆេះម៉ាស៊ីន) តែម្នាក់ឯងទៅផ្ទះលើដីចំការ ។ លុះនៅម៉ោងប្រហែល ០៧និង៣០នាទីព្រឹក ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ត្រូវបានបងប្អូនអ្នកភូមិឃើញកាណូតរបស់ជនរងគ្រោះអណ្ដែតលើទឹក(ស្ទឹង) បាត់មនុស្សនាំគ្នារកដល់ផ្ទះក៏មិនឃើញ មានការសង្ស័យថាធ្លាក់ទឹកព្រោះស្រវឹង ពួកគាត់រាយការណ៍ឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ ។

សមត្ថកិច្ចបានស្រាវជ្រាវ រកសពជនរងគ្រោះឃើញអណ្តែតទឹកស្ទឹងសង្កែនៅវេលាម៉ោង១៦ និង១៥នាទីល្ងាច ត្រូវនឹងថ្ងៃទី២១ខែសីហា ឆ្នាំ២០២១ នៅចំណុចចុងភូមិទ្រាយ ស្រុកពួក ខេត្តសៀមរាប ។

តាមការពិនិត្យកោសល្យវិនិច្ឆ័យរបស់គ្រូពេទ្យមណ្ឌលពោធិ៍ទ្រាយ និងសមត្ថកិច្ចជំនាញបានអោយដឹងថា សាកសពពុំមាន ស្លាកស្នាមអ្វី គួរសង្ស័យដែលពាក់ព័ន្ធ បទល្មើសព្រហ្មទណ្ឌនោះទេ ។

យោងតាមព័ត៌មានបំភ្លឺជុំវិញហេតុការណ៍នេះ ការពិនិត្យសាកសពរួមនឹងគ្រូពេទ្យ ជំនាញបានធ្វើការសន្និដ្ឋានវាយតម្លៃបឋមបានថា: ករណីខាងលើគឺ ជនរងគ្រោះស្រវឹងស្រាធ្លាក់ទឹកស្ទឹងសង្កែបណ្ដាលឲ្យលង់ទឹកស្ទះផ្លូវដង្ហើមស្លាប់។ ក្រោយពិនិត្យ និងធ្វើកំណត់ហេតុរួច សមត្ថកិច្ចបានប្រគល់សពជនរងគ្រោះ ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់