បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៨និង៣០នាទី លើផ្លូវកំណាត់លេខ៥៧B ចំណុចក្រុមទី០៧ ភូមិបឹងសង្កែរ ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្តាលអោយបុរសម្នាក់បានស្លាប់បាត់បង់ជីវិត ។
លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងរថយន្តម៉ាកនីសាន់ (ចង្កូតស្ដាំ) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ចង្កូតស្ដាំ BB-0173 ម្ចាស់រថយន្តឈ្មោះ យ៉ាំ ជួយ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិបវេល១ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង បានឈប់ចតរថយន្តនៅចិញ្ចើមផ្លូវខាងស្ដាំនៃផ្លូវ ស្រាប់តែមានម៉ូតូមួយគ្រឿងបើកបរក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនជ្រុលមកបុកចំពីក្រោយរថយន្តនោះពេញមួយទំហឹង បណ្ដាលអោយអ្នកបើកបរបោកស្លាប់នៅកន្លែងកើតហេតុ ។
លោកអធិការបន្តថា ភាគីម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1I-9226 បើកបរដោយ ឈ្មោះ កុយ សុខជា (ហៅ ប៉េង) ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង (ស្លាប់នៅកន្លែងកើតហេតុ) ។
ក្រោយពីកម្លាំងនគរបាលផ្នែកចរាចរណ៍ខេត្ត និងស្រុក ចុះត្រួតពិនិត្យ និងធ្វើការវាស់វែងរួច សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយអ្នកបើកបរម៉ូតូ បើកក្នុងស្ថានភាពលឿនមិនប្រុងប្រយ័ត្ន និងមិនពាក់មួកសុវត្តិភាព ។
បច្ចុប្បន្ន សាកសពត្រូវបានសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងទាំង២គ្រឿង សមត្ថកិច្ចបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រង់ចាំចំណាត់ការតាមផ្លូវច្បាប់ ៕

មតិយោបល់