ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្តលឿនដាច់ហ្វ្រាំង បណ្តាលឲ្យបុករះរងរបួសធ្ងន់ស្ត្រីម្នាក់

ភ្នំពេញ: បុរសម្នាក់បើករថយន្តក្នុងល្បឿនលឿន ជាន់ហ្វ្រាំងដាច់ជ្រុលទៅបុករះម៉ូតូស្ត្រីម្នាក់ ដែលកំពុងជិះធ្វើដំណើរតាមដងផ្លូវ អូសជាច្រើនម៉ែត្រ បណ្ដាលរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយរថយន្តបង្កនៅមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុកជាមួយនឹងរថយន្ត បាញ់បេតុងពេញទំហឹង បណ្ដាលឱ្យរថយន្ដទាំងពីរគ្រឿងហើយនិងម៉ូតូ របស់ជនរងគ្រោះនោះ រងការខូចខាតយ៉ាងដំណំ បណ្ដាលឲ្យស្ត្រីម្នាក់ជាអ្នកជិះម៉ូតូរងរបួសធ្ងន់ ត្រូវបានបញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គួរឲ្យភ្ញាក់ផ្អើលមួយនេះ បានកើតឡើងកាលពីវេលាម៉ោង០៨និង០០នាទីយប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ត្រង់ចំណុចនិងរង្វង់មូលទួលគោក ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង គេបានឃើញស្ត្រីម្នាក់ជិះម៉ូតូម៉ាកឌ្រីមសង់សេ១២៥ ពណ៌ក្រហមមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1AG-6901 ជិះធ្វើដំណើរមកដល់និងរង្វង់មូលទួលគោក ខណ:ពេលនោះក៏ស្រាប់តែមានបុរសម្នាក់ បើករថយន្តម៉ាកគារ ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AU9426 បើកបរក្នុងល្បឿនលឿន ទំនងជាដាច់ហ្រ្វាំងហើយមើលទៅ ទើបជ្រុលទៅបុកជាមួយនឹងម៉ូតូជនរងគ្រោះ អូសច្រើនម៉ែត្រហើយរថយន្តបង្កនៅមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុកជាមួយនឹងរថយន្តបាញ់បេតុង ក្បាលពណ៌ត្រាវមួយគ្រឿងពេញទំហឹង ទើបរថយន្តបង្កទៅមុខលែងរួច រងការខូចខាតយ៉ាងដំណំ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ក៏បានចុះទៅដល់ដើម្បីត្រួតពិនិត្យមើល ហើយទើបធ្វើការវាស់វែងរួចរាល់ ក៏បានយករថយន្តទាំងពីរគ្រឿង ជាមួយនិងម៉ូតូជនរងគ្រោះទៅរក្សាទុក នៅអធិការដ្ឋាន នគរបាលចរាចរណ៍ ខណ្ឌជូនគោករង់ចាំដោះស្រាយគ្នានៅពេលក្រោយ​ ៕

មតិយោបល់