ភ្នំពេញៈ ថវិកាបានមកពីពុទ្ធបរិស័ទទាំងក្នុង និងក្រៅប្រទេសជាង៤សែន៣ម៉ឺនដុល្លារអាមេរិក ត្រូវបាន ចំណាយក្នុងការកសាងសមិទ្ធផលនានា ក្នុងវត្តស្វាយផ្អែម ក្នុងនោះមានព្រះវិហារថ្មី ដើម្បីតម្កល់ទុកជាទីគោរពបូជា និងលើកតម្កើងវិស័យព្រះពុទ្ធសាសនា។
សមិទ្ធផលក្នុងវិស័យពុទ្ធចក្រនេះ ត្រូវបានធ្វើពិធីសម្ពោធកាលពីព្រឹកថ្ងៃទី១៤ ខែកក្កដានេះ ក្រោមអធិបតីភាពលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
វត្តស្វាយផ្អែម ត្រូវបានកសាងឡើងនៅលើផ្ទៃដីជាង២ហិកតា ស្ថិតក្នុងភូមិស្រែក្នុង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ គិតមកទល់បច្ចុប្បន្ន វត្តនេះមានអាយុកាល៦៦ឆ្នាំ និងមានព្រះសង្ឃគង់ចំនួន០៩អង្គ។
លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា សមិទ្ធផលនានានៅក្នុងវត្តនេះ គឺបានកសាងឡើងដោយថវិកាសទ្ធាជ្រះថ្លារបស់ព្រះសង្ឃ ពុទ្ធបរិស័ទ សប្បុរសជននានា ទាំងក្នុង និងក្រៅប្រទេស ក្នុងទឹកប្រាក់សរុប៤សែន៣ម៉ឺនដុល្លារអាមេរិក។ លោកឲ្យដឹងទៀតថា សមិទ្ធផលទាំងនេះមាន កុដធ្វើអំពីថ្ម២ខ្នង ចំណាយទឹកប្រាក់សរុប ៣៧.០០០ដុល្លារ របងជុំវិញវត្តប្រវែង៦៥០ម៉ែត្រ ចំណាយអស់ជាង៤ម៉ឺនដុល្លារ ក្លោងទ្វារវត្តចំនួន២កន្លែង ចំណាយអស់ជាង១៤.០០០ដុល្លារ បន្ទប់អនាម័យ ចំនួន៦បន្ទប់ ចំណាយអស់២.៨០០ដុល្លារ។
ដោយឡែក ព្រះវិហារថ្មី ដែលត្រូវបានកាត់ឫសសីមានេះ មានទំហំ២១ម៉ែត្រ គុណនឹង៣៣ម៉ែត្រ និងកម្ពស់២ជាន់ ចំណាយថវិកាសាងសង់អស់ជាង៣សែន៣ម៉ឺនដុល្លារ។
លោកអភិបាលខណ្ឌ បានបញ្ជាក់ថា សមិទ្ធផលទាំងនេះ ត្រូវបានកសាងឡើងតាមរចនាបថខ្មែរ ស្របតាមប្រពៃណីព្រះពុទ្ធសាសនា ដោយមានក្បូរក្បាច់រចនាស្រស់ត្រកាល ធ្វើឲ្យទីវត្តទាំងមូលមានសោភ័ណភាពល្អ សមជាទីសក្ការបូជាសម្រាប់ពុទ្ធបរិស័ទគ្រប់រូប។
លោកអភិបាលរាជធានីភ្នំពេញ ចាត់ទុកសមិទ្ធផលក្នុងវត្តស្វាយផ្អែមនេះ ជាផ្លែផ្កាកើតចេញពីសន្តិភាពដែលរាជរដ្ឋាភិបាល បាននឹងកំពុងថែររក្សា ការពារ ដោយយកចិត្តទុកដាក់ខ្ពស់បំផុត។
លោកមានប្រសាសន៍ថា សភាពការណ៍មានសុខសន្តិភាពទូទាំងប្រទេស បាននាំមកនូវសមិទ្ធផលជាច្រើនទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ។ លក្ខណៈបែបនេះ ធ្វើឲ្យប្រជាជនមានលទ្ធភាពកាន់តែខ្ពស់ក្នុងការប្រកបមុខរបរចិញ្ចឹមជីវិត។
លោក ប៉ា សុជាតិវង្ស បញ្ជាក់ថា វិស័យពុទ្ធសាសនា នៅតែយកចិត្តទុកដាក់ និងលើកកម្ពស់។ លោកអភិបាល ស្នើដល់ប្រជាពលរដ្ឋ ពិសេសពុទ្ធបរិស័ទ រួមគ្នាកសាងសមិទ្ធផលក្នុងវត្ត ដើម្បីតម្កល់ទុកជាទីសក្ការគោរពបូជា និងលើកតម្កើងវិស័យព្រះពុទ្ធសាសនា ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកជាសាសនារបស់រដ្ឋ។
លោក ថ្លែងបញ្ជាក់ថា បើចង់ឲ្យពុទ្ធចក្ររីកចម្រើន គឺទាល់តែរួមគ្នាការពារ និងអភិវឌ្ឍន៍ទាំងវិស័យអាណាចក្រ។ យើងជាពុទ្ធបរិស័ទ ក៏ត្រូវរួមគ្នាថែរក្សា ការពារ និងលើកកម្ពស់គុណតម្លៃព្រះពុទ្ធសាសនា ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ។ ដែលនេះ មិនអាចកាត់ផ្តាច់ចេញពីគ្នារវាងវិស័យអាណាចក្រ និងពុទ្ធចក្រ។
បច្ចុប្បន្ន នៅទូទាំងប្រទេសមានព្រះសង្ឃជិត៦ម៉ឺនអង្គ ក្នុងនោះព្រះសង្ឃគណៈមហានិកាយមានជាង៥ម៉ឺនអង្គ និងព្រះសង្ឃគណៈធម្មយុត្តិកនិកាយមានជិត៥ពាន់អង្គ។ ទីវត្តអារាម បានកើនដល់ជិត៥ពាន់វត្ត ក្នុងនោះវត្តសម្រាប់សង្ឃគណៈមហានិកាយមានជាង៤.៥០០វត្ត។ នេះបើតាមរបាយការណ៍របស់ក្រសួងធម្មការ និងសាសនា៕
មតិយោបល់