ព័ត៌មានជាតិ

រថយន្ត ford មួយគ្រឿង បើកលឿនជ្រុលបុកបង្គោលភ្លើង រួចបួងចង្កូតធ្លាក់ចូលប្រឡាយទឹក

ភ្នំពេញ: បុរសជនជាតិចិនម្នាក់ ស្រវឹងស្រាធ្លាក់ភ្នែក បានបើករថយន្តម៉ាក ford មួយគ្រឿង ក្នុងល្បឿនលឿន បានរេចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បាក់មួយដើមរួចបន្តល្បឿន ធ្លាក់ចូលក្នុងប្រឡាយទឹក ។ សំណាងល្អមិនគ្រោះថ្នាក់ ទៅដល់មនុស្ស ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង០៩និង៥០នាទីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ស្តិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ចំណុចជាប់និងស្តុបទំនប់កប់ស្រូវ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មាន ពីពលរដ្ឋនៅកន្លែងកើតហេតុ ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសជនជាតិចិនម្នាក់ ស្រវឹងស្រាធ្លាក់ភ្នែក បានបើករថយន្តម៉ាក ford មួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AQ -8166 បើកបរតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន មិនប្រយ័ត្ន លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់១ដើម រួចបួងចង្កូតធ្លាក់ចូលក្នុងទឹកប្រឡាយ រងការខូចខាតរថយន្ត ផ្នែកមួយកំណាត់មុខស្ទើរទាំងស្រុង ចំណែកឯតៃកុងរថយន្តបង្ក ត្រូវសមត្ថកិច្ចឃាត់បាន ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការ ជាមួយនឹងផ្នែកជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ ចុះមកដល់រួចក៏បានទំនាក់ទំនង ទៅខាងជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុយករថយន្តបង្កទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ ៕

មតិយោបល់