ព័ត៌មានជាតិ

Manny Pacquiao ​ក្រោយ​ប្រកួតចាញ់កីឡាករសញ្ជាតិ​គុយបា និយាយពី​គម្រោង​ចូលនិវត្តន៍​

​កំពូល​កីឡាករ​ប្រដាល់​ហ្វីលីពីន Manny Pacquiao បានចាប់ផ្តើម​គិតពី​រឿង​ចូលនិវត្តន៍​ហើយ​ក្រោយ​ចាញ់​កីឡាករ​គុយបា Yordenis Ugas កាលពី​ថ្ងៃអាទិត្យ​។ ​​ការប្រកួត​កាល​ពី​ថ្ងៃអាទិត្យ​ម្សិលមិញជា​ប្រកួត​ដំបូង​ប៉ុណ្ណោះ​សំរាប់ Pacquiao ក្នុង​រយៈពេល ២ឆ្នាំ​បន្ទាប់ពី​ប្រកួត​ចុងក្រោយ​បំផុត​យកឈ្នះ Keith Thurman ដណ្តើម​ខ្សែក្រវាត់ WBA កាលពី​ខែកក្កដា ​ឆ្នាំ២០១៩​។​

 

​​ក្រោយ​ចប់​ការប្រកួត​ Pacquiao បាន​និយាយថា អនាគត​ទៅមុខ​អ្នក​ប្រហែលជា​លែង​ឃើញ Pacquiao ប្រកួត​នៅ​លើ​សង្វៀន​ទៀតហើយ​។ ​​កីឡាករ​វ័យ ៤២ឆ្នាំ​រូបនេះ​ក៏បាន​និយាយប្រាប់​សារព័ត៌មាន ESPN ដែរ​ថា ​រូបគេ​កំពុង​គិតពី​រឿង​ចូលនិវត្តន៍​។ ​​ក្រោយ​ចាញ់ Ugas, Pacquiao នៅពេលនេះ​មាន​ស្ថិតិ​ប្រកួត ៧២ប្រកួត ឈ្នះ ៦២ ចាញ់ ៨ ស្មើ ២ ចំណែក Yordenis Ugas ជ័យជំនះ​លើ Pacquiao គឺជា​ជ័យជំនះ​ទី២៧ របស់ខ្លួន​ក្នុងចំណោម ៣១ប្រកួត​ចាញ់ ៤​។

​ត្រឹម​ជា​កីឡាករ​ជំនួស​ប៉ុណ្ណោះ Ugas បានធ្វើឱ្យ​ពិភពលោក​ភ្ញាក់ផ្អើល​ក្រោយ​យកឈ្នះ Manny Pacquiao ដោយ​ពិន្ទុ​ក្រោយប្រកួត ១២ទឹក​ដ៏​ស្វិតស្វាញ​។ Yordenis Ugas គឺជា​កីឡាករ​ជំនួស Errol Spence ដែល​មិនអាច​ប្រកួត​បាន​ដោយសារ​របួស​ភ្នែក ខណៈដែល Ugas មាន​ពេល​ហ្វឹកហាត់​ត្រៀម​ត្រឹម ២សប្តាហ៍​ប៉ុណ្ណោះ​៕

ប្រភព៖​​​​​​​ BTV

មតិយោបល់