ភ្នំពេញៈ នៅវេលាម៉ោង០៨និង០០នាទីយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់បើករថយន្តឡិចស៊ីស RX300 មួយគ្រឿង បោះពួយយ៉ាងលឿន មិនបានប្រុងប្រយ័ត្ន ត្រង់ផ្លូវបែកជាបួន ជ្រុលបុករថយន្តហាយលែនឌ័រ មួយគ្រឿងទៀត បណ្តាលឲ្យរងខូចខាត ទាំងសងខាង ស្ថិតក្បែរផ្សារធំថ្មី តាមបណ្ដោយផ្លូវ១៣០ កែងនិងផ្លូវ៥១ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក ហាយលែនឌ័រ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2BH-4732 ដែលបើកបរដោយស្ត្រីម្នាក់ តាមបណ្ដោយផ្លូវ130 ទិសដៅពីកើតទៅលិច ។ លុះដល់ចំណុចកើតហេតុ រថយន្តហាយលែនឌ័រនោះ ក៏បានបើកឆ្លងកាត់ផ្លូវ៥១ ស្របពេលនោះក៏ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក ឡុចស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AS-6191 បើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវ៥១ ទិសដៅពីជើងទៅត្បូង និងក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្ន ។ រួចក៏ធ្វើឲ្យរថយន្តឡុចស៊ីស RX300 ជ្រុលទៅបុករថយន្តហាយលែនឌ័រ ចំផ្នែកខាងមុខចំហៀងខាងស្ដាំ បណ្ដាលឲ្យក្រពឹតនិងបាក់ក្រឡេកង់ រងការខូចខាត ចំណែកឯរថយន្តឡុចស៊ីស RX300 រងការខូចខាតក្រពឹតកាងផ្នែកខាងមុខ ចំហៀងខាងឆ្វេង ។ ភ្លាមៗក៏មានសមត្ថកិច្ចមូលដ្ឋាន បានចុះមកធ្វើការអន្តរាគមន៍ភ្លាមៗតែម្ដង ។
ក្រោយពេលកើតហេតុ ដោយម្ចាស់រថយន្តទាំងពីរគ្រឿង មិនអាចចរចាដោះស្រាយគ្នាបាន ទើបសមត្ថកិច្ចទាក់ទង ហៅសមត្ថកិច្ចជំនាញ ចុះមកវាស់វែង និងស្ទូចយករថយន្តទាំងពីរគ្រឿងយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់ ៕
មតិយោបល់