ព័ត៌មានជាតិ

Update: មន្ត្រីនគរបាលខេត្តកំពតម្នាក់ជាមេក្លោងជួញដូរគ្រឿងញៀន

កំពត: មន្ត្រីនគរបាលខេត្តកំពត១រូប ដែលតែងតែមានការស្និទ្ធស្នាលខ្លាំងជាមួយយុវវ័យ និងក្មេងជំទង់ ត្រូវ​បានកម្លាំងអន្តរាគមន៍ពិសេស ឃាត់ខ្លួន ខណ:​រក​ឃើញ​ថា ជាមេក្លោងជូញដូរគ្រឿងញៀន។

ការឃាត់ខ្លួននេះ ធ្វើឡើងភ្លាមៗ បន្ទាប់ពីមានការប្រជុំដាក់ផែនការអំពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី1 នៃស្នងការដ្ឋាននគរបាលខេត្តកំពត ក្រោមការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទម:ធុរិទ្ធ ស្នងការនគរបាលខេត្ត ទើបកាលពីវេលាម៉ោង៤និង១៥នាទីរសៀលថ្ងៃទី១៧ មករា កម្លាំង​អន្តរាគមន៍ពិសេស សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច បង្ក្រាបបានករណីជូញដូររឿងញៀនរបស់មន្ត្រីប៉ូលិស នៅភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច។

លោកវរសេនីយ៍ត្រី លក ញ៉ាវ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យ​ដឹងថា ជនល្មើសឈ្មោះ ទូច សាមុត អាយុ៤៨ឆ្នាំ ពាក់​ស័ក្តិ៣ ( អនុសេនីយ៍ឯក) ជាមន្ត្រីនៃការិយាល័យវិក្រិដ្ឋការនៃស្នងការដ្ឋាននគរបាលខេត្តកំពត និងធ្លាប់ប្រចាំការនៅច្រកទ្វេភាគីតន់ហន់នៃព្រំដែនកម្ពុជា វៀតណាម ប៉ុន្តែមិនសូវមកបំពេញការងារបានជាប់លាប់ទេ។

ក្រោយការឃាត់ខ្លួន កម្លាំងដកហូតបានវត្ថុតាងបទល្មើសរួមមាន ៖ ថ្នាំញៀន ចំនួន៤៨កញ្ចប់ (ធំ២កញ្ចប់ និងតូច៤៦កញ្ចប់) ជញ្ជីងថ្លឹងថ្នាំចំនួន២គ្រឿង និងកាំភ្លើងខ្លី១ដើម ធុនK59 មានគ្រាប់ចំនួន២។

បច្ចុប្បន្នកម្លាំង​ជំនាញកំពុងតែសាកសួរមន្ត្រីប៉ូលិសរូបនោះបន្ថែម ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្ត។

បើតាមប្រភពព័ត៌មានដដែលបានដឹងទៀតថា មន្រ្តីនគរបាលរូបនេះ នឹងត្រូវលប់ឈ្មោះចេញពីក្របខ័ណ្ឌនគរបាលជាតិកម្ពុជា ចាប់ពីពេលនេះតទៅ ដោយមិនយោគយល់ជាដាច់ខាតចំពោះការប្រព្រឹត្តបទល្មើស៕

មតិយោបល់