ព័ត៌មានជាតិ

ឆក់ទូរស័ព្ទដៃបានហើយ ជិះម៉ូតូទៅបុករថយន្តបណ្តាលឲ្យដួល ត្រូវពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញៈ ជនសង្ស័យម្នាក់ ជិះម៉ូតូស្កុបពីធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃពីនារីម្នាក់បានហើយ ជិះរត់ត្រូវនារីរងគ្រោះជិះដេញតាមពីក្រោយ ធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោ ជ្រុលទៅបុករថយន្តពីក្រោយ ប្រជាពរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច ។

ហេតុការណ៍នេះ កើតឡើងកាលវេលាម៉ោង១២និង១០នាទីទី២៤ ខែសីហា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ៥១៦ កែងនិងផ្លូវ៣១៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ សុង ចាន់ពេជ្រ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបមិនពិតប្រាកដ ស្នាក់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ចំណែកជនរងគ្រោះសូមមិនបញ្ចេញឈ្មោះ ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះមានគ្នា០២នាក់ ជិះម៉ូតូនិច ពណ៌ស ពាក់ស្លាកលេខកំពង់ស្ពឺ 1H 3857 ធ្វើដំណើរទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏លេចមុខជនសង្ស័យម្នាក់ ជិះម៉ូតូស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1 HH 1147 ជិះពីក្រោយធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃបានសម្រេច ព្យាយាមជិះត្រលប់ក្រោយ ត្រូវជនរងគ្រោះជិះដេញពីក្រោយ ស្រែកចោរៗ ធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោ ជិះទៅបុករថយន្តព្រូសពីក្រោយ បណ្ដាលឲ្យដួលត្រូវប្រជាពរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ចតែម្ដង ។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវសមត្ថកិច្ចនាំខ្លួនមកប៉ុស្តិ៍រដ្ឋបាលបឹងកក់១ ដើម្បីសាកសួរ និងធ្វើកំណត់ហេតុត្រៀម និងបញ្ជូនបន្តទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ចំណែកជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹង ៕

មតិយោបល់