ភ្នំពេញៈ នៅថ្ងៃអង្គារ៍ ទី២៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៧និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្ត និងម៉ូតូត្រង់ចំណុចមុខហាងនំបុ័ងស្ទឹងមានជ័យ នៅតាមបណ្តាយផ្លូវ២១៧ ស្ថិតនៅក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្តាលអោយមនុស្សប្រុស ម្នាក់បានស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គេឃើញម៉ូតូមួយគ្រឿងម៉ាក HONDA.C125 ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GG.5381 បើកបរដោយបុរសម្នាក់ឈ្មោះ ហន ណារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាអាជីវករលក់ដូរ មានទីលំនៅភូមិទួលកំពតទីមួយ ឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានធ្វើដំណើរចេញពីផ្ទះបងប្អូនទៅផ្ទះរបស់ខ្លួន ។ លុះពេលធ្វើដំណើរមកដល់ ត្រង់ចំណុចកើតហេតុ មានរថយន្តមួយគ្រឿងទៀតម៉ាក FREIGHTLINER ពណ៌ខៀវលាយ (ស) ពាក់ស្លាកលេខស្វាយរៀង 3A.1480 ក៏បានបុកគ្នាបណ្តាលឲ្យបុរសជិះម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុ ។ សព្វថ្ងៃជនរងគ្រោះមានប្រពន្ធនិងកូនចំនួ០២នាក់ ចំណែកអ្នកបើកបររថយន្តពុំស្គាល់អត្តសញ្ញាណនោះទេ បានរត់ពីកន្លែងកើតហេតុបាត់ស្រមោល ។
បច្ចុប្បន្ន ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅអោយការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ។
ចំណែកសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនទៅអោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់