ព័ត៌មានជាតិ

អ្នក​រស់​រាន​ជីវិត​ជា​ច្រើន​នាក់ពី​ការ​រញ្ជួយ​ដី​ក្នុង​ភាគ​ខាង​ត្បូង​ប្រទេស​ហៃទី​ មាន​ការ​បារម្ភ​ពី​អនាគត​កូនៗ​របស់​ពួក​គេ​

អ្នក​រស់​រាន​ជីវិត​ជា​ច្រើន​នាក់ពី​ការ​រញ្ជួយ​ដីដែល​បាន​សម្លាប់​មនុស្ស​ជាង ២២០០​នាក់​ក្នុង​ភាគ​ខាង​ត្បូង​ប្រទេស​ហៃទី​ មាន​ការ​បារម្ភ​ពី​អនាគត​កូនៗ​របស់​ពួក​គេ​ ដែល​ក្នុង​នោះ​កុមារជាង​កន្លះ​លាន​នាក់​ កំពុង​បារម្ភ​ពី​ហានិភ័យ​ដែល​នឹង​អាច​កើត​ឡើង​ដោយ​សារការ​រញ្ជួយ​ដី​នេះ។​ ​នេះ​បើតាម​ព័ត៌មាន​ Reuters។​ ​

ការ​រញ្ជួយដីក្នុង​ប្រទេស​ហៃទី​កាល​ពី​ថ្ងៃ​ទី​១៤ ​ខែ​សីហា​ កន្លង​ទៅ ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​លើ​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ដែល​ក្នុង​នោះ​ បានបំផ្លាញ​ ឬ​ធ្វើ​ឲ្យ​ខូចខាត​ផ្ទះ​សម្បែង​ប្រមាណ​ ១៣0.000​ខ្នង​ កាត់​ផ្តាច់​ផ្លូវ​ថ្នល់​ និង​ធ្វើឲ្យគ្រួសារ​ពលរដ្ឋ​ហៃទី​រាប់ពាន់នាក់​ កំពុង​ប្រឈម​នឹង​អនាគតមិន​ច្បាស់​លាស់។​

ការ​រញ្ជួយដី​នៅ​ក្នុង​ប្រទេស​ហៃទី​ បាន​សម្លាប់ជីវិត​មនុស្ស​យ៉ាង​តិច ​២.២០៧នាក់​ និង​របួស​ ១២.២៦៨​នាក់​ និង​បាត់​ខ្លួន ​៣៤៤​នាក់។ ​នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​អាជ្ញាធរ​ហៃទី។ ​

កិច្ចប្រឹង​ប្រែង​ជួយ​សង្គ្រោះ​ត្រូវ ​បាន​បង្អាក់​ដោយ​ទឹក​ជំនន់​ និង​ការ​ខូច​ខាត​ផ្លូវថ្នល់​ ដែលធ្វើឲ្យ​កាន់​តែ​លំបាក ​តានតឹងនៅ​ក្នុង​តំបន់ដែល​ទទួល​រង​គ្រោះ។​ នៅ​ក្នុង​រយៈ​ពេល​ពីរ​បី​ថ្ងៃកន្លង​ទៅ​ អ្នក​ភូមិ​បាន​ចូល​លួច​អំណោយជំនួយ​សង្គ្រោះ​ពី​ក្នុង​ឡាននៅក្នុង​ទីក្រុង​ជា​ច្រើន​ ​នៅ​តំបន់​ភាគ​ខាង​ត្បូង​ ដែល​បណ្តាល​ឲ្យ​មានការ​បារម្ភ​ពី​បញ្ហា​សន្តិសុខ​នៅ​ទី​នោះ។​ ​

ពេល​នេះ​ដោយ​ខ្វះ​ស្បៀង​ និង​ទឹក កុមារ​ជាច្រើនកំពុង​ប្រឈម​នឹង​ភាព​អត់ឃ្លាន ជំងឺគ្រុន​ក្តៅ​ និង​ជំងឺ​ឆ្លង​ផ្សេងៗ។​ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​ស្រី​ Evelya Michele ​ដែល​មានកូន​៥​នាក់ ​កំពុង​រស់​នៅ​ក្នុង​ជំរំ​បណ្តោះ​អាសន្ន៕

 

មតិយោបល់