ព័ត៌មានជាតិ

រថយន្តដឹកបន្លែអក់សឺជាមួយកង់បី បណ្ដាលឲ្យដាច់ហ្រ្វាំងបុកបង្គោលស្លាកសញ្ញាចរាចរណ៍ និងផ្ទះពលរដ្ឋ រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: កាលពីវេលាម៉ោង ១រំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ មានករណីរថយន្តដឹកបន្លែគេចពីម៉ូតូកង់បី ស្របពេលកំពុងចុះចំណោទ បណ្ដាលឲ្យដាច់ហ្រ្វាំង បុកបង្គោលស្លាកសញ្ញាចរាចរណ៍ និងផ្ទះពលរដ្ឋ រងការខូចខាតយ៉ាងដំណំ ត្រង់ចំណុចស្តុបទំនប់ទឹកតាមបណ្ដោយផ្លូវ៤៣២កែងនិងផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

រថយន្តម៉ាក កូរ៉េ ប្រភេទប្រាំតោន ដឹកបន្លែ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-9364 បើកបរដោយបុរសម្នាក់ និងក្មេងប្រុសម្នាក់រួមដំណើរជាមួយ។

ដំណើររឿង៖ មុនពេលកើតហេតុរថយន្តបង្កបើកបរដោយបុរសម្នាក់ និងក្មេងប្រុសម្នាក់រួមដំណើរជាមួយ ធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុបានបត់ស្ដាំទៅផ្លូវ៤៣២ ក្នុងគោលបំណងដឹកបន្លែដាក់នៅផ្សារដើមគរ ប៉ុន្តែអក់សឺជាមួយកង់បី ដែលកំពុងបើកបញ្ច្រាសទិសគ្នា បណ្ដាលឲ្យដាច់ហ្រ្វាំង បុកបង្គោលស្លាកសញ្ញាចរាចរណ៍ និងផ្ទះពលរដ្ឋ រងការខូចខាតយ៉ាងដំណំតែម្ដង។

ក្រោយពេលកើតហេតុសមត្ថកិច្ច បានចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធីច្បាប់៕

មតិយោបល់