ព័ត៌មានជាតិ

ស្រ្តីម្នាក់ជិះម៉ូតូត្រឡប់មកពីញ៉ាំអីជាមួយមិត្តភក្ដិ ត្រូវជនសង្ស័យឆក់កាបូបស្ពាយបណ្តាលឲ្យដួលរងរបួស

ភ្នំពេញ: ស្ត្រីជិះម៉ូតូហុងដាស្កុបពីមួយគ្រឿង ត្រឡប់មកពីញ៉ាំអីជាមួយមិត្តភក្តិ តែម្នាក់ឯងក៏ត្រូវបានជនសង្ស័យមួយក្រុម ធ្វើសកម្មភាពឆក់កាបូបស្ពាយបានសម្រេច ជិះគេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ត្រង់ចំណុចក្បែរច្រកចូលបុរីប៉េងហួត តាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធី ស្ថិតក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាស្កុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1FF-2467 ដោយធ្វើដំណើរតាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធី ទិសដៅពីកើតទៅលិច ។ លុះពេលដល់ចំណុចកើតហេតុ ដែលផ្លូវមានសភាពស្ងាត់ ស្រាប់តែលេចមុខជនសង្ស័យមានគ្នាពីរនាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមមិនចាំស្លាកលេខ បានជិះមកតាមពីក្រោយស្ត្រីរងគ្រោះ រួចក៏ក្រុមជនសង្ស័យក៏បានធ្វើសកម្មភាព ឆក់កាបូបស្ពាយរបស់ស្ត្រីរងគ្រោះ ដែលស្ពាយជាប់និងខ្លួនបានសម្រេច បណ្តាលឲ្យស្ត្រីរងគ្រោះដួលម៉ូតូរងរបួស រលាត់ដៃរលាត់ជើង រីឯម៉ូតូបានរងការខូចខាតបន្តបន្តិច ។ ភ្លាមៗនោះជនសង្ស័យ ក៏បានបន្ថែមល្បឿន ជិះយកកាបូបរបស់ស្ត្រីរងគ្រោះ គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្តង ។

ស្ត្រីរងគ្រោះបានប្រាប់ថា នៅក្នុងកាបូបរបស់នាង ដែលត្រូវបានជនសង្ស័យធ្វើសកម្មភាពឆក់យកនោះ មានទូរស័ព្ទដៃម៉ាក Iphone7plus មួយគ្រឿងលុយខ្មែរចំនួនមួយម៉ឺនរៀល និងកាត់ចាក់វ៉ាក់សាំមួយសន្លឹក ។

ក្រោយពេលកើតហេតុ ក៏មានសមត្ថកិច្ចមូលដ្ឋានបានចុះមកនាំជនរងគ្រោះ ទៅធ្វើការដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី២ ដើម្បីងាយស្រួលដល់សមត្ថកិច្ចស្រាវជ្រាវ តាមចាប់ក្រុមជនសង្ស័យយកមកផ្តន្ទាទោស ទៅតាមផ្លូវច្បាប់ជាបន្តទៀត ៕

មតិយោបល់