(កាប៊ុល)៖ សហរដ្ឋអាមេរិកបានព្រមានឱ្យហ្វូងមនុស្សដែលប្រមូលផ្ដុំ និងព្យាយាមចូលទៅកាន់អាកាសយានដ្ឋានកាប៊ុល ត្រូវចាកចេញទៅរកន្លែងមានសុវត្ថិភាព ជាបន្ទាន់ ក្រោយមានការព្រមានពីអង់គ្លេស និងអូស្ត្រាលីពីការវាយប្រហារភេរវកម្ម។
«ចូរកុំធ្វើដំណើរទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Hamid Karzai ក្នុងរដ្ឋធានីកាប៊ុល ហើយប្រសិនបើអ្នកនៅក្នុងតំបន់នៃអាកាសយានដ្ឋានេះរួចទៅហើយ សូមទៅរកកន្លែងមានសុវត្ថិភាព រង់ចាំការជូនដំណឹងជាថ្មី»។ នេះជាការគូសបញ្ជាក់របស់ក្រសួងការបរទេសអាមេរិក ដោយមិនបានបញ្ជាក់លម្អិតលើការព្រមានពី ការវាយប្រហារភេរវកម្មខាងលើនៅឡើយទេ ខណៈក្រុមតាលីបង់បានអះអាងថានឹងមិនអនុញ្ញាតឱ្យកងទ័ពបរទេសបន្តស្ថិតនៅលើទឹកដីអាហ្វហ្កានីស្ថាន ហួសថ្ងៃទី៣១ ខែសីហានេះជាដាច់ខាត។
អស់រយៈពេលជាច្រើនថ្ងៃមកហើយ ដែលប្រជាជនអាហ្វហ្កានីស្ថាន និងជនបរទេសបាននាំគ្នាប្រមូលផ្ដុំនៅឯអាកាសយានដ្ឋានអន្តរជាតិ Hamid Karzai ក្នុងរដ្ឋធានី កាប៊ុល ក្នុងក្ដីសង្ឃឹមថានឹងបានចេញពីអាហ្វហ្កានីស្ថានក្រោមការគ្រប់គ្រងរបស់តាលីបង់។ បណ្ដាប្រទេសជាសម្ព័ន្ធមិត្ត ដូចជាអង់គ្លេសបានស្នើឱ្យទីក្រុងវ៉ាស៊ីនតោន បន្តប្រតិបត្តិការជម្លៀសមនុស្សទោះជាហួសថ្ងៃកំណត់ក៏ដោយ។ ប៉ុន្តែលោកប្រធានាធិបតី ចូ បៃដិន បាននិយាយថាលោកនឹងមិនបន្តប្រត្តិបត្តិការនេះហួសថ្ងៃទី៣១ ខែសីហានេះនោះទេ៕
ប្រភព៖ AFP




មតិយោបល់