ភ្នំពេញៈ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦នេះ ក្រុមអធិការកិច្ចក្រសួងរ៉ែ និងថាមពល ដឹកនាំដោយលោក ឌិត ទីណា រដ្ឋលេខាធិការ និងឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានចុះប្រតិបត្តិការល្បាតចល័តត្រួតពិនិត្យរថយន្តដឹកដី ថ្ម ខ្សាច់ ដែលខុសបច្ចេកទេស មិនគ្របឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងរ៉ែ និងថាមពល ធ្វើឲ្យជ្រុះរាយប៉ាយលើដងផ្លូវ និងរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងផលប្រយោជន៍សាធារណៈ រថយន្តមិនមានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់ សំបកកង់សឹករិចរិល ដឹកសំពីងសំពោង វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈច្ចេកទេស និងប្រកបអាជីវកម្ម និងបណ្ណបើកបរ។
ក្នុងប្រតិបត្តិការនេះ នគរបាលចរាចរណ៍ រួមជាមួយក្រសួងរ៉ែ និងថាមពល បានឃាត់រថយន្តដឹក ថ្ម ខ្សាច់ ចំនួន១២គ្រឿង ធ្វើការអប់រំណែនាំ កែតម្រូវនិងពិន័យតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រង់មាត្រា៦៦ ជាមួយនោះដែរ ក្រសួងរ៉ែនិងថាមបានសម្រេចផ្អាកសកម្មភាពទីតាំងរណ្តៅដីចំនួនពីរកន្លែង នៅខេត្តកណ្ដាល និងដេប៉ូខ្សាច់ចំនួនពីរកន្លែងនៅរាជធានីភ្នំពេញ។
ក្នុងនាមនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សូមអំពាវនាវដល់បងប្អូនអជីវករដឹកដី ថ្ម ខ្សាច់ គ្រួស សូមចូលរួមគោរពច្បាប់ស្តីចរាចរណ៍ផ្លូវគោក និងអនុវត្តតាមការណែនាំរបស់ក្រសួងរ៉ែនិងថាមពល៕
មតិយោបល់