ព័ត៌មានជាតិ

សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួននារីម្នាក់បន្ទាប់ពីទទួលព័ត៌មាននិងពាក្យបណ្តឹងរបស់ ថាមានករណីកំហែងយកលើជនរងគ្រោះអាយុ១១ឆ្នាំ

កណ្ដាល: យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា​ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដោយបានការសម្របសម្រួលនីតិវិធិពីឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយអធិការដ្ឋាន
នគរបាលស្រុកខ្សាច់កណ្ដាល ធ្វើការស្រាវជ្រាវបង្រ្កាបជនដែលប្រព្រឹត្តខាងលើបានក្នុងរយ:ពេលជិត៤៨ម៉ោង ប្រហែលពីរថ្ងៃ។

ករណីកំហែងយក មានស្ថានទម្ងន់ទោស (ជនរងគ្រោះអាយុ១១ឆ្នាំ) ថ្ងៃទី ២៤.០៨.២០២១ វេលាម៉ោង៧:៣០នាទី ចំណុច៖ ភូមិបាក់ដាវលើ ឃុំបាក់ដាវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ៕
ជនរងគ្រោះចំនួន ០២នាក់៖
១-ឈ្មោះ ផេង ស្រីលាភ ភេទស្រី អាយុ១១ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិឃុំកើតហេតុ។
២-ឈ្មោះ រិ រី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិឃុំកើតហេតុ។
ជនសង្ស័យ ចំនួន ០២នាក់៖
១-ឈ្មោះ ហេង ស្រីវី ហៅស្រីពៅ ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិវៀតណាម ទីលំនៅភូមិខ្ពបអាទាវ ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល។(ឃាត់ខ្លួន)
២-ឈ្មោះ ហេង សាទី ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិក្បាលកោះ សង្កាត់ក្បាល់កោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ (គេចខ្លួន)
សម្ភារ:បាត់បង់ ៖ ម៉ូតូចំនួន០១គ្រឿង ម៉ាកHONDA C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ផ្លាកលេខ កណ្តាល 1AL-8770(រកឃើញវិញ) ទូរសព្ទមួយគ្រឿងម៉ាក Huawei ពណ៌ទឹកប៊ិច ប្រើលេខ ០៦៩ ២៦១ ២៥០ ។
វត្ថុតាងចាប់យក ៖ ម៉ូតូចំនួន០១គ្រឿង ម៉ាកHONDA C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ផ្លាកលេខ កណ្តាល 1AL-8770(របស់ជនរងគ្រោះ) ។

កន្លងមកឈ្មោះ រិ រួន ភេទស្រី អាយុ៣៨ឆ្នាំ និងប្តីព្រមទាំងកូនៗ បានមកស្នាក់នៅធ្វើកម្មករសំណង់ បុរីរំដួល នៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ហើយបានស្គាល់ រាប់អានជាមួយឈ្មោះ ហេង ស្រីវី ហៅស្រីពៅ ជាបងធម៌ ប្អូនធម៌និងគ្នា បានស្នាក់នៅក្នុងការដ្ឋានជាមួយគ្នា ។

ដល់ថ្ងៃទី២០.០៨.២០២១ វេលាម៉ោង១៧:០០នាទី ឈ្មោះ រិ រី ភេទប្រុស បានជិះម៉ូតូរបស់ខ្លួនម៉ាកHONDA C125 ពណ៌ ខ្មៅ ឆ្នាំ២០២១ ពាក់ផ្លាកលេខ កណ្តាល 1AL-8770 មកលេងបងឈ្មោះ រិ រួន នៅការដ្ឋានបុរី រំដួល ក៏ជួបឈ្មោះ ហេង ស្រីវី ។

នៅថ្ងៃទី២១.០៨.២០២១ វេលាម៉ោង៨ព្រឹក ឈ្មោះ ហេង ស្រីវី បានសុំឈ្មោះ រិ រី ទៅលេងផ្ទះ ពេលនោះឈ្មោះ រិ រី ក៏ជិះម៉ូតូរបស់ខ្លួន ឌុបឈ្មោះ ហេង ស្រីវី និងក្មួយស្រី២នាក់ មានឈ្មោះ ផេង ស្រីលាភ អាយុ១១ឆ្នាំ និងឈ្មោះ ផេង លីតា អាយុជាង១ឆ្នាំ ទៅផ្ទះខ្លួន នៅភូមិបាក់ដាវលើ ឃុំបាក់ដាវ ស្រុកខ្សាច់កណ្តាល ហើយដេកស្នាក់នៅជាមួយគ្នា ។

លុះដល់ព្រឹកថ្ងៃទី ២៤.០៨.២០២១ វេលាម៉ោង៧:៣០នាទី ឈ្មោះ ហេង ស្រីវី បានខ្ចីម៉ូតូរបស់ឈ្មោះ រិ រី និង ទូរស័ព្ទ ម៉ាក Huawei របស់ឈ្មោះ រិ រី ប្រើស៊ីមកាតលេខ069361250 ថាយកទៅដកលុយ វីង នៅផ្សារកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង ជាមួយគ្នានោះ ឈ្មោះ ហេង ស្រីវី បានឌុបឈ្មោះ ផេង ស្រីលាភ ទៅជាមួយ ហើយដល់វេលាម៉ោង៩ព្រឹក ដោយមិនឃើញ ឈ្មោះ ហេង ស្រីវី ត្រឡប់មកវិញទើបឈ្មោះ រិ រី តេទូរស័ព្ទសួររក ឈ្មោះ ហេង ស្រីវី រហូតដល់ម៉ោង ១៤រសៀល ថ្ងៃដដែលឈ្មោះ ហេង ស្រីវី បានតេទូរស័ព្ទចូលមក ឈ្មោះ រិ រី ដោយឲ្យឈ្មោះ ផេង ស្រីលាភ និយាយថា ចែពៅ គាត់ប្រាប់ឲ្យពូឯងផ្ញើលុយឲ្យគាត់ចំនួន1,500$ ទើបគាត់ឲ្យ ខ្ញុំនិងម៉ូតូ ទៅពូវិញ ឈ្មោះ រិ រី សួរថាក្មួយឯងនៅឯណា ? ពេលនោះឈ្មោះ ហេង ស្រីវី ឆ្លើយថានៅអ្នកលឿង ហើយក៏បិទទូរស័ព្ទ ទើបឈ្មោះ រិ រី មកដាក់ពាក្យបណ្តឹង។

រហូតមកដល់ថ្ងៃទី២៥.០៨.២០២១ វេលាម៉ោង៦ព្រឹក ឈ្មោះ ហេង ស្រីវី បានទូរស័ព្ទមកប្រាប់ឈ្មោះ រិ រី ថា បើរកលុយ1,500$ មិនបានទេ ផ្ញើកាតគ្រីម៉ូតូតាមឡានតាក់ស៊ីមកឲ្យសិន ទើបឲ្យក្មួយទៅវិញ ។ នៅវេលាម៉ោង១១:៥៥នាទី កម្លាំងជំនាញ បានតាមឃាត់ខ្លួនឈ្មោះ ហេង ស្រីវី ហៅ ស្រីពៅ នៅចំណុចក្រោយវត្តព្រែកសំរោង ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយនាំខ្លួនឈ្មោះ ហេង ស្រីវី ទៅយកជនរងគ្រោះឈ្មោះ ផេង ស្រីលាភ ដែលទុក នៅផ្ទះសំណាក់ភ្នំមាស ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងនាំឈ្មោះ ហេង ស្រីវី បន្តទៅដកយកម៉ូតូ របស់ជនរងគ្រោះ ដែលឈ្មោះ ហេង ស្រីវី ផ្ញើទុកនៅផ្ទះជួលមួយកន្លែង ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

លទ្ធផល ស្រាវជ្រាវស៊ើបអង្កេតជនសង្ស័យឈ្មោះ ហេង ស្រីវី ហៅស្រីពៅ បានឆ្លើយសារភាពថា៖ថ្ងៃទី២៤.០៨. ២០២១វេលាម៉ោង៧:៣០នាទី ខ្លួនពិតជាបាន រៀបចំគម្រោងការ ជាមួយគូរដណ្ដឹងរបស់ខ្លួន ឈ្មោះហេង សាទី ដើម្បីយកសម្ភារ: និងប្រាក់ពីជនរងគ្រោះ ពិតមែន ដោយធ្វើល្បិច សុំលេខទូរសព្ទ ជនរងគ្រោះ ប្រាប់ថាម្ដាយផ្ញើលុយឲ្យ តាមវីងចំនួន50$ ហើយក៏សុំយកទូរសព្ទទៅដកប្រាក់ ដោយបានហៅឈ្មោះ ផេង ស្រីលាភ ភេទស្រី អាយុ១១ឆ្នាំ ទៅជាមួយ និងបានខ្ចីម៉ូតូ ម៉ាកHONDA C125 ពណ៌ ខ្មៅ ឆ្នាំ២០២១ ពាក់ផ្លាកលេខ កណ្តាល 1AL-8770 ជិះទៅដកប្រាក់ នៅកំពង់ពពិល ស្រុកពារាំង (ប៉ុន្ដែមិនបានទៅដកប្រាក់ទេ) គឺជិះម៉ូតូ ឌុបក្មេងស្រីចេញទៅចំណុចវត្តជ្រោយអំពិល ស្ថិតនៅភូមិជ្រោយអំពិល សង្កាត់ ក្បាលកោះ ខណ្ឌច្បារអំពៅ ។ ហេីយឈ្មោះ ហេង ស្រីវី និងគូរដណ្ដឹងឈ្មោះ ហេង សាទី ជជែកគ្នាតាមទូរស័ព្ទ បង្គាប់ឲ្យក្រុមគ្រួសាររងគ្រោះប្រគល់ប្រាក់ចំនួន1,500$ ដេីម្បីយកម៉ូតូនិងក្មេងស្រីរងគ្រោះ ត្រឡប់ទៅវិញ។ រហូតដល់វេលាម៉ោង ១៣:៣០នាទី ឈ្មោះ ហេង សាទី បានទំនាក់ទំនងទៅម្ដាយមីងក្មេងស្រីរងគ្រោះឈ្មោះ នឿ រ៉ាន់ អាយុ៤៣ឆ្នាំ ឲ្យប្រគល់ប្រាក់ចំនួន 1,500$ បេីមិនឲ្យទេ គឺមិនបានក្មេងស្រីរងគ្រោះ និងម៉ូតូត្រឡប់ទៅវិញទេ បន្ទាប់មកឈ្មោះ ហេង ស្រីវី បានដឹកក្មេងស្រីរងគ្រោះទៅផ្សារគគី ស្រុកកៀនស្វាយ រកកន្លែងលក់ម៉ូតូ (ប៉ុន្ដែគេមិនទិញព្រោះមិនមានឯកសារ)។ ឈ្មោះហេង ស្រីវី បានបន្ដដឹកជនរកគ្រោះ ទៅម្ដុំព្រែកឯង នៅលេងបៀរ រហូតដល់ម៉ោង១២យប់ ទើបដឹកជនរងគ្រោះ ទៅដេកផ្ទះសំណាក់ភ្នំមាស ។
លុះនៅថ្ងៃទី២៥ .០៨.២០២១ វេលាម៉ោង ០៨:២០នាទី ឈ្មោះ ហេង ស្រីវី បានទៅគំរាម ឈ្មោះ រិ រី ថាបេីគ្មានប្រាក់គ្រប់ចំនួនទេ ប្រគល់កាតគ្រីម៉ូតូជំនួសវិញ បើមិនឲ្យទេ ក្មេងស្រីមិនបានទៅផ្ទះវិញទេ។

ករណីនេះ ជំនាញបានកសាងសំណុំរឿង បន្តចាត់ការតាមនីតិវិធី៕

 

មតិយោបល់