នាពេលនេះ ស្ត្រីនិងក្រុមសិទ្ធិមនុស្សមួយចំនួន បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីអនាគតនៃសិទ្ធិ និងសេរីភាពនៅអាហ្វហ្កានីស្ថាន បើទោះបីជាមានការធានាអះអាងថា នឹងកែប្រែរបៀប គ្រប់គ្រងថ្មីក៏ដោយ។
ពួកតាលីបង់ បានសន្យាថានឹងមិនសងសឹកគូប្រជែង គោរពសិទ្ធិស្រ្តី និងគោរពសិទ្ធិសេរីភាពសារពត៌មានជាដើម។ ប៉ុន្តែក្រុមអ្នកជំនាញ បានលើកឡើងថា អ្វីៗនៅតែ មិនទាន់ច្បាស់នៅឡើយ។
យ៉ាងណាក៏ដោយ ទង្វើរបស់ក្រុមទាហានតាលីបង់ នៅមួយរយៈចុងក្រោយនេះ ធ្វើឲ្យគេគ្មានជំនឿលើថ្នាក់ដឹកនាំតាលីបង់ឡើយ។ ពីដំបូង គេមានការភ្ញាក់ផ្អើលជាខ្លាំងដែល អ្នកកាសែតស្រីត្រូវបានអនុញ្ញាតឲ្យបន្តការងាររបស់ពួកគេ និងអាចសូម្បីសម្ភាសមេដឹកនាំតាលីបង់ កាលពីថ្ងៃអង្គារទី១៧ សីហា។
ក៏ប៉ុន្តែ ២ ថ្ងៃក្រោយមក ពោលគឺនៅថ្ងៃព្រហស្បតិ៍ ទី១៩ សីហា មានអ្នកយកព័ត៌មានស្ត្រីម្នាក់របស់ទូរទស្សន៍អាហ្វហ្កានីស្ថាន RTA Pushto បានចេញវីដេអូមួយនិយាយថា នាងត្រូវបានគេប្រាប់ឲ្យទៅត្រលប់ទៅផ្ទះវិញ នៅពេលដែលនាងទៅធ្វើការ។ នាងបានអំពាវនាវឲ្យសហគមន៍អន្តរជាតិជួយ ដោយនិយាយថា ជីវិតរបស់ប្រជាជនអាហ្វហ្កានីស្ថាន កំពុងស្ថិតនៅក្រោមការគំរាមកំហែងធ្ងន់ធ្ងរ។
ក្រៅពីនេះ ទាហាន តាលីបង់ បានបង្ក្រាបក្រុមបាតុករ ដែលចង់បង្ហាញទង់ជាតិអាហ្វហ្កានីស្ថាន។ មួយវិញទៀត បើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ពួកតាលីបង់ បានដើរគោះទ្វារពីផ្ទះមួយទៅផ្ទះមួយ ដើម្បីប្រមាញ់តាមចាប់ក្រុមអ្នកដែលធ្លាប់ធ្វើការឲ្យកងកម្លាំងបរទេស។
បើពិនិត្យមើលសកម្មភាពដែលពួកតាលីបង់ធ្វើខាងលើនេះ គេមិនជឿនោះទេ ថារបបតាលីបង់ថ្មី ធ្វើដូចអ្វីដែលខ្លួនថាសន្យាថា សមដូចពាក្យគេថា “ទង្វើស្តែងច្បាស់ជាងសម្តី”៕




មតិយោបល់