ភ្នំពេញៈ កាលពីវេលាម៉ោង ៩និង១០នាទីយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ មានករណីរថយន្ដក្រឡុកស៊ីម៉ងត៍ក្រុមហ៊ុន ជីប ម៉ុង បុកម៉ូតូឌ្រីមកិនចំក្បាលបុរសម្នាក់ធ្លាយខួរស្លាប់គួរឲ្យរន្ធត់ ស្ថិតតាមបណ្តោយផ្លូវ៥៩៨ កែងផ្លូវ៣២៧ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
រថយន្តក្រឡុកស៊ីម៉ងត៍ក្រុមហ៊ុន ជីប ម៉ុងលែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A-0726 អ្នកបើកបររត់គេច។
សពរងគ្រោះមានកាតជាប់នឹងខ្លួន១សន្លឹកដែលមានឈ្មោះ RICH SOKHENG ភេទប្រុស អាយុប្រមាណ ៣០ឆ្នាំជាង (ស្លាប់) មុខរបរ បម្រើការក្រុមហ៊ុនផ្លូវ៥៩៨ជាសុផារ៉ា បើកបរម៉ូតូម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CM-2121។
ដំណើររឿង៖ មុនកើតហេតុគេឃើញរថយន្តក្រឡុកស៊ីម៉ងត៍ក្រុមហ៊ុន ជីប ម៉ុងលែន ធ្វើដំណើរតាមបណ្ដោយផ្លូវ៥៩៨ ពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ កែងនិងផ្លូវ៣២៧ បានបត់ឆ្វេងដៃទៅទិសខាងកើត ក៏ជ្រុលទៅបុកម៉ូតូជនរងគ្រោះ ដែលកំពុងធ្វើដំណើរបញ្ច្រាសទិសដៅគ្នា ពីត្បូងទៅជើងពេញទំហឹង និងកិនបែកក្បាលធ្លាយខួរអូសជាច្រើនម៉ែត្រ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្ដង បន្ទាប់មកតៃកុងរថយន្តក្រឡុកស៊ីម៉ងត៍ ឃើញមានមនុស្សច្រើន មើលទៅសភាពការណ៍ដូចមិនសូវស្រួល ក៏បានបើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តនៅនឹងកន្លែងកើតហេតុ។
ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះមកដល់ទីតាំងធ្វើការវាស់វែងយករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យក្រុមហ៊ុនចូលខ្លួនមកដោះស្រាយគ្នាតាមផ្លូវច្បាប់ ចំណែកសពជនរងគ្រោះ ធ្វើកំណត់ហេតុរួចស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់