បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា អនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងដោយបានការសម្របសម្រួលលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ លោកវរសេនីយ៍ឯក ឡុង យោធាវីរៈ អធិការនគរបាលស្រុកឯកភ្នំ បានធ្វើការបង្ក្រាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ១លើក នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ នៅចំណុចផ្ទះលេខ៧២ ក្រុមទី០២ ភូមិសំរោងស្នោ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនដៃដល់ឈ្មោះ រ៉ឹម រីណា ហៅ ដា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅក្រុមទី០២ ភូមិសំរោងស្នោ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដែលបានប្រព្រឹត្តិកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៩និង០០នាទី នៅចំណុចផ្ទះជនរងគ្រោះលេខ៧២ ក្រុមទី០២ ភូមិសំរោងស្នោរ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ។
ជនរងគ្រោះឈ្មោះ ហែម រ៉ុង ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ ដោយជនសង្ស័យស្រវឹងស្រាបានយកដំបងឈើជ្រុងវាយលើជនរងគ្រោះ បណ្តាលឲ្យរងរបួសបែកចេញឈាមលើផ្ទៃមុខ និងកំពួនដៃរហូតដល់សន្លប់បាត់ស្មារតីនៅហ្នឹងកន្លែងកើតហេតុ ។
ករណីនេះ នគរបាលស្រុកបានរៀបចំកសាងសំណុំរឿង បញ្ជូនមកការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី ៕
មតិយោបល់