ព័ត៌មានជាតិ

សពចំនួនពីរនាក់កប់នៅរណ្តៅដោយឡែកពីគ្នា ត្រូវបានកម្លាំងសមត្ថកិច្ច ជីកគាស់ធ្វើកោសល្យវិច្ច័យ

ភ្នំពេញៈ នៅវេលាម៉ោង០១និង១៥នាទីរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ចជំនាញខាងធ្វើកោសល្យវិច្ច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមទាំងកម្លាំងព្រហ្មទ័ណ្ឌ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការគ្នាចុះដល់ ទីតាំងកន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវជុំវិញ ករណីដែលពលរដ្ឋបានប្រទះឃើញគ្រោងឆ្អឹងលលាដ៍ក្បាលសាកសព ដែលគេកប់នៅរណ្តៅដោយឡែកពីគ្នា ត្រង់ចំណុចដីទួលមួយកន្លែង ស្ថិតក្នុងភូមិកម្រៀង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ករណីខាងលើនេះ តាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន Post News នៅកន្លែងកើតហេតុបានឲ្យដឹងថា កម្លាំងសមត្ថកិច្ច ជំនាញខាងធ្វើកោសល្យវិច្ច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមទាំងកម្លាំងព្រហ្មទ័ណ្ឌ របស់ស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ បានចុះទៅដល់ត្រង់ចំណុចទីតាំងកើតហេតុ ដើម្បីធ្វើការពិនិត្យស្រាវជ្រាវ ។ ករណីនេះសមត្ថកិច្ចជំនាញ បានសន្និដ្ឋានថា សាកសពមានចំនួន០២នាក់ មិនទាន់ស្គាល់នូវអត្តសញ្ញាណនោះទេ ហើយសាកសពទាំងពីរនោះ កប់នៅរណ្តៅដោយឡែកពីគ្នា កម្លាំងសមត្ថកិច្ចក៏កំពុងតែជីកគាស់យកសពទាំងនោះមកធ្វើកោសល្យវិច្ច័យ ដើម្បីបញ្ជាក់ពីអត្តសញ្ញាណ និងរកមូលហេតុនៃការស្លាប់ ។

សូមបញ្ជាក់ថាៈ កាលពីវេលាម៉ោង០៧និង៣០នាទីយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ពលរដ្ឋបានប្រទះឃើញសពគេយកទៅកប់ នៅដីទួលមួយកន្លែង សល់នៅតែគ្រោងឆ្អឹងនិងលលាដ៍ក្បាល ស្ថិតក្នុងភូមិកម្រៀង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ដំបូងឡើយពលរដ្ឋរូបនោះគាត់បានធ្វើដំណើរឆ្លងកាត់ នៅកន្លែងកើតហេតុខាងលើនោះ បន្ទាប់មករូបគាត់ក៏បានឃើញលលាដ៍ក្បាល និងគ្រោងឆ្អឹងនៅក្បែរគុម្ពឫស្សីជាង២អាទិត្យមកហើយ តែរូបគាត់មិនហ៊ានប្រាប់ទៅសមត្ថកិច្ច ។ លុះមកដល់ថ្ងៃកើតហេតុខាងលើ គាត់ក៏ដាច់ចិត្តរាយការណ៍ប្រាប់ទៅសមត្ថកិច្ច ហើយគាត់បានឃើញសពសង្ស័យថា គេយកមកបោះចោលនៅក្បែគុម្ពឫស្សី ។

ក្រោយពីសមត្ថកិច្ចបានទទួលដំណឹងនេះភ្លាម ក៏បានរាយការណ៍ទៅថ្នាក់លើ បន្ទាប់មកក៏មានវត្តមានលោកអធិការខណ្ឌកំបូល ហង្ស មុនី ចុះមកពិនិត្យដោយផ្ទាល់រួចលោកបានបញ្ជាក់ថា រង់ចាំព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១នេះ ឲ្យជំនាញចុះមកធ្វើការពិនិត្យបន្ត ។ សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News នឹងផ្សាយជូននៅពេលក្រោយបន្តទៀត ៕

មតិយោបល់