ព័ត៌មានជាតិ

ជិះម៉ូតូពីខេត្តមករកការងារធ្វើនៅភ្នំពេញ ត្រូវរថយន្តបុកប៉ើងធ្លាក់ចូលប្រឡាយស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ភ្នំពេញ: បុរសម្នាក់ត្រូវរថយន្តក្រឡុកស៊ីម៉ងត៍ បើកបុកប៉ើងធ្លាក់ចូលក្នុងប្រឡាយស្លាប់នៅកន្លែងនិងម្នាក់ទៀត បានរងរបួសធ្ងន់ ខណ:ពេលកំពុងជិះម៉ូតូមួយគ្រឿង មានតែមាន់២ក្បាល និងរបស់របរមកពីស្រុកខាងប្រពន្ធ នៅខេត្តកំពង់ធំ មកលេងប្រពន្ធ និងរកការងារធ្វើនៅភ្នំពេញ ក្រោយបង្កគ្រោះថ្នាក់រថយន្តក្រឡុកស៊ីម៉ងត៍ បានបើកគេចបាត់ស្រមោល ។

ហេតុការណ៍គ្រោះថ្នាក់នេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ១០និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០២១ នៅតាមមហាវិថី ឈ្នះ ឈ្នះ ក្នុងភូមិកប់ស្រូវតូច សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតឈ្មោះ គង់ គា ហៅគង់ សីហា អាយុ ៣៤ឆ្នាំ ស្នាក់នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំខាងស្រុកប្រពន្ធ និងមានស្រុកកំណើតភូមិពានរោង ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង មានប្រពន្ធ ជាកម្មការិនីរោងចក្រមានកូនម្នាក់ ។ ចំណែកអ្នករងរបួសពុំស្គាល់អត្តសញ្ញាណនូវឡើយ ត្រូវបានរថយន្តសាម៉ុយ របស់មន្ទីរពេទ្យឯក ជនដឹកបញ្ជូនទៅសង្រ្គោះ ។ ជនរងគ្រោះបានជិះម៉ូតូ ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាកស្លាកលេខភ្នំពេញ ១IE.៥១៦១ មួយគ្រឿង ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿង បានធ្វើដំណើរតាមមហាវិថី ឈ្នះ ឈ្នះ ក្នុងទិសដៅពីលិចទៅកើត ។ នៅពេលមកដល់កន្លែងកើតហេតុ ក៏បានបត់ឆ្វេង វង់ក្បាលសួនច្បារខណ្ឌចែកទ្រូងផ្លូវ ក៏បានជ្រុលទៅបុកម៉ូតូជនរងគ្រោះ ដែលកំពុងធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ។

ប្រភពបន្តថារថយន្តបុកពេញទំហឹង បណ្តាលឲ្យម៉ូតូនិងអ្នកបើកបរ ព្រមទាំងអ្នករួមកដំណើរជាមួយប៉ើងធ្លាក់ពីម៉ូតូនិងរបស់របរ រួមមានមាន់ធ្វើរួច២ក្បាល និងក្រសាំង១បេទៅក្នុងប្រឡាយទឹក បណ្តាលឱ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់នៅក្នុងប្រឡាយ ភ្លាមៗរថយន្តបង្កគ្រោះថ្នាក់ ក៏បានបើករត់ទៅទិសខាងលិចបាត់ស្រមោល ។

តាមស្រ្តីជាប្រពន្ធបានឱ្យដឹងថា នៅមុនពេលកើតហេតុប្តី របស់ខ្លួនបានជិះម៉ូតូមកពីខេត្តកំពង់ធំ ក្នុងគោលបំណងមកលេងគាត់ និងរកការងារធ្វើក៏បានជួបគ្រោះថ្នាក់តែម្តង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចប្រគល់ឯកសារសព ត្រូវបានក្រុមគ្រួសារដឹកបញ្ជូន ទៅកាន់ស្រុកខាងប្រពន្ធ នៅខេត្តកំពង់ធំ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់