ព័ត៌មានជាតិ

ប្ដីស្រវឹងស្រាឈ្លោះជាមួយប្រពន្ធ យកដែកប្រវែងជិត១ម៉ែត្រមកវាយ បណ្ដាលឲ្យរបួសបែកក្បាលជាទម្ងន់

ក្រចេះ: កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ កម្លាំងនគរបាលព្រហ្មទណ្ឌស្រុកសំបូរ បានធ្វើការចាប់ឃាត់ខ្លួនបុរសដៃដល់ជាប្តីម្នាក់ ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ប្រព្រឹត្តដោយសហព័ទ្ធ ។ បន្ទាប់ពីជននេះប្រដាប់ដោយដែក បានយកមកវាយត្រូវចំក្បាលស្រ្តីរងគ្រោះជាប្រពន្ធ បណ្តាលឲ្យរងរបួសយ៉ាងដំណំ ។

ស្រ្តីរងគ្រោះឈ្មោះ សួន សុខនី អាយុ២៩ឆ្នាំ ចំណែកឯជនដៃដល់ជាប្តីឈ្មោះ គ្រោយ អង្រ្គាក់ អាយុ៣៥ឆ្នាំ អ្នកទាំងពីមានទីលំនៅ ភូមិអូរពោរ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ។

អំពីរឿងហេតុ៖ ជនសង្ស័យ(ជាប្ដី) បានផឹកស្រាស្រវឹងហើយបានឈ្លោះប្រកែកជាមួយជនរងគ្រោះ (ជាប្រពន្ធ) ។ ពេលនោះជនសង្ស័យ ក៏យកដែកប្រវែង ជិត១ម៉ែត្រមកវាយទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួសបែកក្បាលជាទម្ងន់ ។

ក្រោយពីបង្កហេតុរួច ជននេះបានគេចខ្លួន តែត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកសំបូរ ស្រាវជ្រាវចាប់បានមកវិញ ។ បន្ទាប់មកកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់